លោកស្រី ឱ វណ្ណឌីន ៖ មេរោគកូវីដ-១៩ ​ដែលបំលែងថ្មី មានសភាពគួរឲ្យព្រួយបារម្ភ ហើយស្នើឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់

រាជធានីភ្នំពេញ៖ មន្ត្រីនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ថា បច្ចុប្បន្ននេះ មេរោគកូវីដ-១៩ ដែលបំលែងថ្មី គឺកំពុងតែចរាចរណ៍យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជា​បានចម្លងបន្ត ទៅដល់បណ្តាខេត្ដ មួយចំនួនទៀតមានដូចជា៖ ខេត្តកណ្ដាល ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែងជាដើម។ ហើយថាថ្មីៗនេះ មេរោគកូវីដ-១៩ ដែលបំលែងថ្មីនេះ បានរកឃើញនៅខេត្តស្វាយរៀង ហើយ​ក៏មិនដឹងថា តើមេរោគបំលែងថ្មីនេះ វាបានចរាចរណ៍ ទៅខេត្តណាខ្លះទៀតហើយនោះទេ។

លោកស្រី ឱ វណ្ណឌីន បានឲ្យដឹង​ក្នុងសារសំឡេង ដែលត្រូវបានផ្សព្វផ្សាយ កាលពីរសៀលថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២១ថា​ បច្ចុប្បន្ននេះ ស្ថានភាពនៃការវ៉ៃលុក របស់មេរោគ ឬវីរុសកូវីដ-១៩ គឺមានសភាពមួយ ដែលស្ថិតក្នុងក្តីព្រួយបារម្ភមែនទែន។

ផ្តើមពីបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត បានអំពាវនាវហើយអំពាវនាវទៀត សុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាពិចារណាគិតគូរអំពីអាយុជីវិតរបស់ខ្លួន ធ្វើយ៉ាងណារក្សាខ្លួនកុំឲ្យវីរុសកូវីដ-១៩ បំលែងថ្មី វ៉ៃលុកមកលើសេរីរាង្គរបស់យើងឲ្យសោះ។ ពោល គឺត្រូវចេះការពារខ្លួន ឲ្យបានម៉ត់ចត់ជាទីបំផុត គឺអនុវត្តនូវវិធានការ “៣​​កុំ និង៣ការពារ” ឲ្យបានជាប្រចាំ។ ហើយប្រសិនបើមិនមានការចាំបាច់ទេ សុំមេត្តានៅផ្ទះ ហើយមើលកូនចៅយើង ឲ្យបានល្អជាទីបំផុត ដើម្បីជៀសវាងការទៅប៉ះពៀរ ជាមួយវីរុសកូវីដ-១៩ ដែលបំលែងថ្មីនេះ៕

អត្ថបទដែលជាប់ទាក់ទង