ក្រសួងសុខាភិបាលបញ្ជាក់ថា ករណីស្លាប់ស្ត្រីជនជាតិខ្មែរ​អា​​យុ៤៣ឆ្នាំ នៅមន្ទីរពេទ្យខេត្តព្រះសីហនុ មិនមែនស្លាប់ដោយជំងឺកូវីដ-១៩ទេ

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ បញ្ជាក់ថា ករណីស្លាប់ស្ត្រីជនជាតិខ្មែរ អាយុ ៤៣ឆ្នាំ រស់នៅខេត្តព្រះសីហនុ គឺស្លាប់ដោយសារការបាត់បង់ឈាមច្រើនលើអ្នកជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាល បញ្ជាក់ថា តាមរបាយការណ៍ពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឲ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ ៤៣ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារការធ្លាក់ឈាមខ្លាំង (ហូរឈាមក្រពះ និងហូរឈាមរដូវច្រើន) កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៦ និង៣០នាទី។ ស្ត្រីរូបនេះ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ​២០២១ ដោយមូលហេតុ ហូរឈាមរដូវច្រើន និងមានជំងឺក្រពះរ៉ាំរ៉ៃ។ ចំណែកនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យបានយកវត្ថុសំណាក របស់ស្ត្រីរងគ្រោះរូបនេះ ដើម្បីធ្វើវិភាគរកវីរុសកូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ។ បន្ទាប់មក នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ ទទួលបានលទ្ធផលវិភាគវត្ថុសំណាករបស់គាត់ ពីមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថា សពមានវិជ្ជមានវីរុសកូវីដ-១៩។

ដោយឡែក កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២១ អ្នកជំងឺខាងលើនេះ មានសភាពធ្ងន់ធ្ងរ ដោយសាមានការកហូរឈាមក្រពះយ៉ាងច្រើនគំហុក បូករួមនិងការហូរឈាមរដូវខ្លាំងផងដែរនោះ បានបណ្តាលឲ្យអ្នកជំងឺស្លកាប់បាត់បង់ជីវិត នៅវេលាម៉ោង ១៦ និង៣០នាទី​រសៀលថ្ងៃដដែលនេះ។ ទោះបីជាក្រុមគ្រូពេទ្យ បានខិតខំយកចិត្តទុដាក់ជួយសង្គ្រោះតាមបច្ចេកទេស និងមានការបញ្ជូនឈាមក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។

សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១៖

អត្ថបទដែលជាប់ទាក់ទង