នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ​​និងមានថ្នាំញៀន​២​កញ្ចប់​នៅជាប់ខ្លួន

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា កាលពីម៉ោង ០៩ និង២០នាទី យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ​​កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន របស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចេញជួយស្ទាក់ឃាត់រថយន្ត ០១គ្រឿងម៉ាក LEXUS 330 ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ 2AE-3298 ដែលគេចពីគោលដៅចត្តាឡីស័ក នៅស្រុកស្ទឹងហាវ រហូតដល់ម៉ោង ១០ និង១០នាទីថ្ងៃដដែល ទើបកម្លាំងនគរបាលស្រុកព្រៃនប់ ​ប្រទះឃើញរថយន្តខាងលើ នៅមុខជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣។ ភ្លាមៗនោះដែរ ម្ចាស់រថយន្តខាងលើនេះ ក៏បានបើករថយន្តរបស់ខ្លួន ត្រឡប់ក្រោយហើយគេចទៅផ្លូវជាតិលេខ៤វិញ រួចក៏ត្រូវបាន​កម្លាំងសមត្ថកិច្ច ដេញតាមពីក្រោយ រហូតដល់ចំណុចមុខចំការដូងប្រេង ១០០ខ្នង ដែលស្ថិតនៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ច ក៏បានឃាត់ខ្លួនជនជាតិចិន ចំនួន ០១​នាក់ ឈ្មោះ WU YAO ភេទប្រុស អាយុ៣៥​ឆ្នាំ មានទីលំនៅ និងមុខរបរមិនពិតប្រាកដ។ ហើយក៏បានដកហូត​ ​វត្ថុតាងមួយចំនួន​រួមមាន៖

– ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០២​កញ្ចប់, ទូរសព្ទ័ចំនួន ០១​គ្រឿង, បំពងជក់ចំនួន០២, ដបជក់ចំនួន០១, ដែកកេះចំនួន​០២, លិខិតឆ្លងដែនចំនួន០១, ប័ណ្ណសំគាល់ខ្លួនចំនួន០២, ដងឡាមចំនួន០១ និងរថយន្តចំនួន ០១​គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញ កំពុងសាកសួរ និងឈានទៅកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់តុលាការផ្តន្ទាទោសតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង