ត្រៀមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិក​-កម្មករ ​នៅតាមក្រុមហ៊ុនរោងចក្រនានា ក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ​រដ្ឋបាលខេត្តព្រះសីហនុ ថ្ងៃទី២៩ ខែមីនា ឆ្នាំ​២០២១នេះ ​បានចេញសេចក្តីជូនដំណឹង ស្តីពីការស្រង់បញ្ជីឈ្មោះបុគ្គលិក កម្មករ និយោជិត នៃក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យត្រៀមសហការរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិក កម្មករ និយោជិត ​ដោយឥតគិតថ្លៃ ក្នុងពេលដ៏ឆាប់ខាងមុខនេះ។

​ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានស្នើដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ ឬសហគ្រាសទាំងអស់ នៅខេត្តព្រះសីហនុ ​ត្រូវចូលរួមសហការរៀបចំបញ្ជីឈ្មោះ បុគ្គលិក កម្មករ និយោជិត ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតាមទីតាំងនីមួយៗ ដោយត្រូវញ៉ែកឲ្យដាក់ពីគ្នា រវាងជនជាតិខ្មែរ និងជនបរទេស។

ដោយឡែក ចំពោះប៉ះពាល់នៃជំងឺកូវីដ-១៩វិញ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានចេញសេចក្តីអំពាវនាវដល់ម្ចាស់ផ្ទះជួល, បន្ទប់ជួល, ម្ចាស់ផ្សារឯកជន, ម្ចាស់តូប រាន, ស្តង់លក់ដូរ, ម្ចាស់ធនាគារ, ម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដោយស្នើសុំពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឈ្នួលបន្ទប់ និងឈ្នួលតូប រាន ស្តង់លក់ដូរ លើកលែងការបង់ការប្រាក់ ឬកាត់បន្ថយការប្រាក់ ឬពន្យាពេលនៃការបង់ការប្រាក់ឬពន្យាការបង្វិលសងថ្លៃដើម ក្នុងដំណាក់កាលនៃការផ្ទុះព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» នេះ រហូតដល់ស្ថានភាព នៃការរីករាលដាល នៃជំងឺកូវីដ-១៩ មានសភាពធូរស្រាលឡើងវិញ។ ស្នើយោគយល់អធ្យាស្រ័យ ចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ ឬឈ្នួលតូប រាន ស្តង់លក់ដូរពីអ្នកស្នាក់នៅ ពីអ្នកលក់ដូរ ពីអ្នកខ្ចីប្រាក់ ដោយមិនគួរពិន័យឱ្យបង់ប្រាក់បន្ថែម ឬដកយកប្រាក់កក់មកទូទាត់សងថ្លៃប្រាក់ឈ្នួល ហើយគួរបន្តអនុញ្ញាតឱ្យពួកគាត់បានស្នាក់នៅ លក់ដូរបន្តទៀត មិនគួរបណ្តេញពួកគាត់ចេញ ឬបញ្ឈប់កិច្ចសន្យាជួល ឬដកហូតយកឯកសារ វត្ថុធានាផ្សេងៗដាក់លក់ឡាយឡុងឡើយ និង ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣កុំ និង ៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ និងសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង