កិច្ចប្រជុំរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងខេត្តព្រះសីហនុ..

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ កាលពីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការ ចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងខេត្ត របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពី មន្ត្រីស្ថាប័នពាក់ព័ន្ធ។

នាឱកាសនោះ លោក គួច ចំរើន បានធ្វើការណែនាំដល់ មន្ត្រីថ្នាក់ដឹកនាំក្រុង-ស្រុក ត្រូវបន្តអប់រំផ្សព្វផ្សាយជូនដល់ ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ឱ្យពួកគាត់ចុះឈ្មោះចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត នៅតាមក្រុង-ស្រុកបន្តទៀត។

ជាមួយគ្នានេះ អាជ្ញាធរក្រុង ស្រុក ត្រូវជួយសម្រួល ក្នុងការដឹកជញ្ជូនពួកគាត់ មកចាក់វ៉ាក់សាំងនៅសាលាបឋម – អនុវិទ្យាល័យតេជោសែនកម្មករ មានទីតាំងស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ត្រូវបន្តស្រង់ឈ្មោះប្រជាពលរដ្ឋ ដែលមានអាយុចាប់ពីអាយុ ១៨ឆ្នាំ ដល់៥៩ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមក្រុង ស្រុក ដើម្បីត្រៀមយុទ្ធនាការចាក់វ៉ាក់សាំង នៅទូទាំងខេត្តព្រះសីហនុនាពេលខាងមុខ។

លោក គួច ចំរើន ក៏បានណែនាំឱ្យមន្ទីរសុខាភិបាលរៀបចំក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ជា ០៨ក្រុម ដើម្បីធ្វើការចាក់វ៉ាក់សាំងនៅតាមក្រុង ស្រុក ក្នុងនោះរួមមាន៖ ក្រុងព្រះសីហនុ ០២ក្រុម ជាក្រុមគ្រូពេទ្យខេត្ត, ស្រុកស្ទឹងហាវ ០១ក្រុម ក្រុមគ្រូពេទ្យខេត្ត, ក្រុងកោះរ៉ុង ០១ក្រុម ជាគ្រូពេទ្យខេត្ត, ស្រុកព្រៃនប់ ០៣ក្រុម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីថ្នាក់ជាតិ, ស្រុកកំពង់សីលា ០១ក្រុម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីថ្នាក់ជាតិ។

ក្នុងនោះក្រុង ស្រុកនីមួយៗ ក៏បានត្រៀមរៀបចំសណ្ឋាគារ និងផ្ទះសំណាក់ សម្រាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីថ្នាក់ជាតិ សម្រាប់ការស្នាក់នៅបំពេញការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់ហើយផងដែរ។ ដូច្នេះយើងត្រូវរួមគា្នធ្វើការងារជាក្រុមឱ្យទទួលបានលទ្ធផលល្អ ។

ក្នុងឱកាសនោះលោកអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវរៀបចំបំពាក់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ម៉ាស៊ីនវ៉ាស់កំដៅ រក្សាគម្លាតសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ជៀសវាងការប្រជ្រៀតគ្នានាំឱ្យឆ្លងជំងឺកួវីដ-១៩។ អនុវត្តតាមការណែនាំ ៣កុំ និង ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង