​ពលរដ្ឋអះអាងថា ​បទល្មើសកាប់ទន្ទ្រាន-លក់ដូរព្រៃកោងកាង កំពុងកើតមាននៅឃុំជ្រោយស្វាយ ខេត្តកោះកុង

ខេត្តកោះកុង៖ ប្រជាពលរដ្ឋ បានអះអាងថា ដីព្រៃជាទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋប្រមាណជាង ៦០ហិកតា មានទីតាំងនៅចំណុចវាលអំបិល ស្ថិតក្នុងភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ត្រូវឈ្មួញ​ខិលខូចមួយចំនួន បានចូលទៅកាប់ទន្ទ្រានរានដី និងបោះតម្រុយកំណត់ព្រំ ធ្វើជាកម្មសិទ្ធិឯកជនខុសច្បាប់យ៉ាងអនាធិបតេយ្យ ប៉ុន្តែហាក់មិនឃើញមានអាជ្ញាធរស្ថាប័នពាក់ព័ន្ធ ចេញមុខទប់ស្កាត់​ទេ។

ក្រុម​ប្រជាពលរដ្ឋ ដែលចុះពិនិត្យឃើញផ្ទាល់ភ្នែក ដល់ទីតាំងមានសកម្មភាពកាប់ព្រៃកោងកាង ដោយខុសច្បាប់ទាំងនោះ បានបញ្ជាក់ថា សកម្មភាពកាប់ដីព្រៃលិចទឹក ឬដីព្រៃកោងកាង ដែលជាទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋ ខាងលើនេះ គឺពួកគាត់ ក៏បានផ្តល់ព័ត៌មានទៅ លោកមេភូមិ ឬមេឃុំ រួចហើយដែរ ប៉ុន្តែ​អាជ្ញាធរមូលដ្ឋាននេះ ឆ្លើយថា មិនបានរឿងកាប់រានដីព្រៃកោងកាង ឬព្រៃលិចទឹកខាងលើនេះទេ។

ចំណែកមន្រ្តីជំនាញបរិស្ថាន ប្រចាំការ​នៅតំបន់​ប្រើប្រាស់ច្រើន​យ៉ាងដងពែង ស្រុកស្រែអំបិល បានថ្លែងថា ក្រោយ​ទទួល​បានព័ត៌មាននេះ ពីប្រជាពលរដ្ឋ ក៏បាន​ចាត់មន្ត្រីជំនាញ​ឲ្យចុះទៅ​ពិនិត្យមើល សកម្មភាព​បំផ្លាញព្រៃកោងកាង ដែល​ជាសម្បត្តិសាធារណៈ របស់រដ្ឋ នៅឃុំជ្រោយស្វាយខាងលើនេះរួចហើយ ប៉ុន្តែ​មិនទាន់មាន​ការឆ្លើយតប ឬបង្ហាញលទ្ធផលបែបណានោះទេ។

យ៉ាងនេះក្តី ក្រុម​អ្នក​សារព័ត៌មាននៅតាមអង្គភាពមួយចំនួន​ ប្រចាំខេត្តកោះកុង មិនទាន់អាចសុំការបំភ្លឺពី​មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ នៃរដ្ឋបាល​ខេត្តកោះកុង ដើម្បីបំភ្លឺលើ​ករណីបទល្មើស កាប់ព្រៃរដ្ឋ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល បានទេនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ។ ហើយបច្ចុប្បន្ន ក្រុមអ្នក​សារព័ត៌​មានទាំងនោះ ​ក៏កំពុងរង់ចាំលទ្ធផល របស់ក្រុមការងារប្រចាំការតំបន់​ប្រើប្រាស់ច្រើន​យ៉ាងដងពែង ដែលចុះទៅពិនិត្យ​ជាក់ស្តែង ដល់ទីតាំងមានបទល្មើសកាប់រានដីព្រៃកោងកាង របស់រដ្ឋទាំងនោះ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលទេ គិតត្រឹមម៉ោង ០៥ល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០២១នេះ៕

អត្ថបទដែលជាប់ទាក់ទង