រដ្ឋបាលខេត្តព្រះសីហនុ ​ទទួលជំនួយមនុស្សធម៌ពីសប្បុរសជន សម្រាប់បំរើដល់ការងារទប់ស្កាត់ជំងឺកូវីដ-១៩

​ខេត្តព្រះសីហនុ៖​ រដ្ឋបាលខេត្តព្រះសីហនុ បានទទួលជំនួយមនុស្សធម៌ជាថវិកា និងសម្ភារៈប្រើប្រាស់ សម្រាប់បំរើដល់ការងារទប់ស្កាត់ជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ពីសប្បុរសជន ក៏ដូចជាក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅប្រទេសមួយចំនួន ដើម្បីចូលរួមចំណែកក្នុងសម្មភាពទប់ស្កាប់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ​ ដែលមិនទាន់មានសញ្ញាថយចុះនៅឡើយនោះ​។

ជាក់ស្តែងនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០២១នេះ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ​បាន​ទទួលជំនួយមនុស្សធម៌ពីក្រុមហ៊ុន លីង ហាង គ្រុប និងអ្នកវិនិយោគចិន ជឺ ជាំង ប្រចាំខេត្តព្រះសីហនុ ​សម្រាប់បំរើឱ្យវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហ​គមន៍ ២០កុម្ភ: ដែលកំពុងរីករាលដាលធ្ងន់ធ្ងរ នាមូលដ្ឋានខេត្តព្រះសីហនុ។

នាឱាសនោះ លោកស្រី ហៀក ហ៊ីមុល្លី ​បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន លីង ហាង គ្រុប និងអ្នកវិនិយោគចិន ជឺ ជាំង ដែលបាននាំយកជំនួយមនុស្សធម៌ ​ជួយឧបត្ថម្ភ​ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ នៅក្នុងកាលៈទេសៈនេះ។ លោកស្រី ចាត់ទុក សកម្មភាពមនុស្សធម៌របស់ក្រុមហ៊ុនចិន ខាងលើនេះ ថាជាការចូលរួមចំណែកយ៉ាងសកម្មជាមួយ រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងការងារទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩​ នៅខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ។

លោកស្រី មានជំនឿថា នឹង​មានសប្បុរសជន ក៏ដូចជា​ក្រុមហ៊ុនដទៃទៀត នៅខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំង​ជំងឺ​ឆ្លងកូវីដ-១៩ ក្នុងខេត្ត​ព្រះសីហនុ ជាបន្តទៀតនាថ្ងៃខាងមុខ។

ជំនួយមនុស្សធម៌ របស់ក្រុមហ៊ុនទាំងពីរខាងលើនេះ រួមមាន៖ អង្ករ ២,០០០គីឡូក្រាម, ទឹកបរិសុទ្ធ ៥០០កេស, មី ២៥កេសធំ និងម៉ាស់ចំនួន ១០,០០០។

ដោយឡែក នៅថ្ងៃដដែលនេះ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ​ក៏បាន​ទទួលជំនួយមនុស្សធម៌ពី លោក ស៊ិន មុនីវណ្ណ និងលោកស្រី ផងដែរ នូវថវិកាចំនួន ១,០០០ ដុល្លារអាមេរិក ​ឧបត្ថម្ភជូន រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់បំរើឱ្យវិធានកា​ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩​ ដែលកំពុងរីករាលដាល នៅខេត្តព្រះសីហនុ។

លោកស្រី ហៀក ហ៊ីមុល្លី ក្នុងនាមរដ្ឋបាលខេត្ត ក៏បានថ្លែងអំណរគុណ ចំពោះលោក ស៊ិន មុនីវណ្ណ និងលោកស្រី ដែលបានជួយឧបត្ថម្ភថវិកាជូន​ រដ្ឋបាលខេត្តព្រះសីហនុ ​សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង​ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ​នៅខេត្តព្រះសីហនុ ឱ្យមានប្រសិទ្ធភាព​៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង