សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចខ្សែភ្លើងបំភ្លឺផ្លូវ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងប៉ុស្តិ៍នគរបាលឃុំបិតត្រាំង បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីលួចខ្សែភ្លើងបំភ្លឺផ្លូវសាធារណៈ។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យទាំង ០២នាក់រួមមាន៖ ឈ្មោះ សុច ចាន់ឌី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងឈ្មោះ សុច ចាន់ធួន ភេទ ប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិគគីរ ឃុំបិត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ សំបកខ្សែភ្លើង និងបន្ទះលួសរុំខ្សែភ្លើងមួយចំនួនធំ, ពូថៅដៃចំនួន០២, រណាអាដែក ចំនួន០១, កាំបិតផ្គាក់ចំនួន០២, ជំពាមកៅស៊ូគ្រាប់ដែក ចំនួន០១, ម៉ូតូ ០១គ្រឿង ម៉ាក Exicter ពណ៌ខ្មៅ គ្មានស្លាកលេខ, ដែកដក ចំនួន០១, ស្ពាន់ខ្សែភ្លើងប្រភេទ Thipha Cable 2020 ចំនួន០៣ប៉ាវ។

សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី២៧ រហូតថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ជនសង្ស័យបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងបំភ្លឺផ្លូវសាធារណ: ដែលទើបដាក់ថ្មី នៅតាមផ្លូវជាតិលេខ៤ ម្តុំជិតផ្លូវចូលក្បាលឆាយ ក្នុងសង្កាត់លេខ១ និងតាមផ្លូវបំបែកចុះទៅវត្តអូរត្រេះ (ផ្លូវអាឡាំងដឺឡុង) សង្កាត់លេខ៤ ក្រុង ព្រះសីហនុ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង ០២នាក់ រួចមក សមត្ថកិច្ចបានបន្តចុះទៅត្រួតពិនិត្យឆែកឆេរ នៅទីតាំងដែលជាកន្លែងទទួលផលចោរកម្មស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ដែលមានម្ចាស់ផ្ទះឈ្មោះ ឡុញ សឿ ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរទិញលក់អេតចាយ ស្នាក់នៅទីតាំងខាងលើ ប៉ុន្តែពេលសមត្ថកិច្ចទៅដល់ ឈ្មោះ ឡុញ សឿ មិនបាននៅផ្ទះទេ នៅតែប្រពន្ធឈ្មោះ កឹម ឌី អាយុ២៨ឆ្នាំ មានផ្ទៃពោះ ០៦ខែ ហើយប្រពន្ធបានធ្វើកិច្ចសន្យា ចំពោះមុខសមត្ថកិច្ចថា នឹងនាំប្តីរបស់ខ្លួនឈ្មោះ ឡុញ សឿ មកប្រគល់ជូន សមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរបន្តតាមនិតិវិធី។

បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង