អភិបាលក្រុងព្រះសីហនុ ស្នើ​ប្រជាពលរដ្ឋ​មិនត្រូវ​ជួបជុំ​​​គ្នា​​ច្រើន​ទេ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ អភិបាលក្រុងព្រះសីហនុ លោក អុី សុខឡេង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២១នេះ បានកោះ​មន្ត្រីក្រោមឱវាទ ឲ្យចុះ​ត្រួតពិនិត្យប្រជាពលរដ្ឋ នៅតាមសង្កាត់នានា ក្នុងក្រុងព្រះសីហនុ ដើម្បី​​ណែនាំ និងហាមប្រជាពលរដ្ឋ កុំឲ្យប្រមូលផ្តុំ ឬជួបជុំ​​​គ្នា មានមនុស្សច្រើន ពិសេសការជួបជុំហូបចុក ឬទទួលទានភេសជ្ជៈផ្សេងៗ នៅតាមផ្ទះ ដែលមានគ្នាច្រើន ក្រៅពីសមាជិកគ្រួសារ និងការជុំគ្នាលេងល្បែងសុីសងតាមផ្ទះជាដើម..។

ជាងនេះទៀត ​លោកអភិបាលក្រុង​បង្ហាញការព្រួយបារម្ភ ចំពោះការរីករាលដាល់ជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ ក្នុងមូលដ្ឋាន​​ក្រុងព្រះសីហនុ ដែល​មានចំនួនពលរដ្ឋឆ្លងមេរោគនេះ ​បានបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ ​ជាពិសេសនៅថ្ងៃនេះ មានប្រជាពលរដ្ឋជាច្រើននាក់ រស់នៅ​តំបន់ទំនប់រលក បានឆ្លងជំងឺនេះគួរឲ្យព្រួយបារម្ភ។

ផ្តើម​ពីបញ្ហានេះ លោក អ៊ី សុខឡេង ក៏បានអំពាវនាវដល់ពលរដ្ឋ ​រស់នៅតាមទីតាំង ដែលរដ្ឋបាលក្រុង ឬខេត្តព្រះសីហនុ ចេញសេចក្តីជូនដំណឹង ផ្អាកជាបណ្តោះអាសន្ន ​ចរាចរណ៍​ចេញចូលទីតាំងក្រុម៩​-១២-១៣-១៤ និង១៥ ស្ថិតក្នុងភូមិ៣ (ទំនប់រលក) សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ឲ្យអនុវត្តន៍តាមវិធានការ​ចត្តាឡីស័ក ឲ្យបានទាំងអស់គ្នា ដើម្បីទប់ស្កាត់ កុំឲ្យឆ្លងរាលដាលជំងឺកូវីដ-១៩ថ្មី ជាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង