សារាចរណែនាំស្តីពីវិធានការ​ទប់ស្កាត់​ជំងឺកូវីដ​ ​ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ​ថ្ងៃទី១៤ -១៦ ខែមេសា

រាជធានីភ្នំពេញ៖ សារាចរណែនាំ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ នៅក្នុងឱកាសឈប់សម្រាក ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារាចរណែនាំស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ រយៈពេល​០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ខាងមុខ ដោយស្នើឲ្យថ្នាក់ដឹកនាំនៅតាមក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និង សាធារណជន ត្រូវចូលរួមអនុវត្ត ​ឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់។  

សារាចរណែនាំស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងឱកាស​​ពិធីបុណ្យចូលឆ្នាំខ្មែរ​ ​ចុះហត្ថលេខា​ដោយ សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​មានខ្លឹមសារថា រាជរដ្ឋាភិបាល សូមណែនាំដល់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអំពាវនាវដល់សាធារណជន ទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់គោរព និង​ អនុវត្តប្រកបដោយភាពម្ចាស់ការ ស្មារតីភ្ញាក់រលឹក និង​ការទទួលខុសត្រូវខ្ពស់ នូវ​សារាចរណែនាំ ​ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២១ ស្តីពីការឈប់សម្រាក ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ និងវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ នៅក្នុងឱកាសឈប់សម្រាកនេះ។ សារាចរណែនាំនេះ បានផ្តោតការយកចិត្តទុកដាក់ជាពិសេស លើបណ្ដាវិធានការសំខាន់ៗមួយចំនួនរួមមាន៖

១- ក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការចាំបាច់នានា សំដៅគ្រប់គ្រង និងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរ ព្រមទាំងធានានូវការគោរព និងអនុវត្តវិធានការសុខាភិបាលបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួន អនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានជាធរមាន ទាំងនៅក្នុងការគ្រប់គ្រងចរាចរណ៍ ការដឹកជញ្ជូនមនុស្ស និងការធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្ត និងទាំងនៅតាមទីតាំងសាធារណៈនានា ពិសេសនៅតាមវត្តអារាម រមណីយដ្ឋាន និងទីតាំងផ្សេងទៀត ដែលអាចមានសភាពអ៊ូអរ និងមានមនុស្សជួបជុំគ្នាក្នុងចំនួនច្រើន។

២- សាធារណជនគ្រប់រូបទាំងអស់ ត្រូវចូលរួមអនុវត្តនូវវិធានការដូចខាងក្រោម៖

ទី១៖ សូមនៅជួបជុំក្រុមគ្រួសារតាមគេហដ្ឋានរៀងៗខ្លួន ចៀសវាងការធ្វើដំណើរចេញក្រៅផ្ទះដោយមិនចាំបាច់ និងចៀសវាងការធ្វើដំណើរមិនចាំបាច់ឆ្លងកាត់រាជធានី-ខេត្ត

ទី២៖ ចៀសវាងនូវការធ្វើដំណើរមិនចាំបាច់ ទៅកាន់ ឬ ចេញ-ចូលតំបន់ ឬ ទីកន្លែងដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ កំណត់ដោយក្រសួងសុខាភិ-បាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ

ទី៣៖ ចៀសវាងនូវការរៀបចំពិធីផ្សេងៗ រួមទាំងពិធីសាសនាផង ឬ ការជួបជុំគ្នាទាំងឡាយណា ដែលមានសភាពអ៊ូអរ និងមានមនុស្សចូលរួមច្រើន​

ទី៤៖ អនុវត្តវិធានការ «៣ ការពារ» និង «៣ កុំ» ព្រមជាមួយនឹងវិធានការសុខាភិបាលចាំបាច់ផ្សេងទៀត សំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នា។

ទី៥៖ រាជរដ្ឋាភិបាលសូមក្រើនរំលឹក និងអំពាវនាវជាថ្មីម្តងទៀតដល់ក្រុមហ៊ុន និងអាជីវករដឹកជញ្ជូន អ្នកដំណើរគ្រប់ប្រភេទ មិនត្រូវតម្លើងថ្លៃសេវាដឹកជញ្ជូនអ្នកដំណើរឡើយ និងត្រូវយកចិត្តទុកដាក់អនុវត្តវិធានការសុខាភិបាលសំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួនចំពោះអ្នកដំណើរនៅលើយានយន្តរបស់ខ្លួន។

នៅចុងបញ្ចប់ខ្លឹមសារ ក្នុងសារាចរណែនាំនេះ សម្តេច ហ៊ុន សែន ​ក៏បានសង្កត់ធ្ងន់ទៅកាន់ថ្នាក់ដឹកនាំនៅតាមក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និង សាធារណជនត្រូវចូលរួមអនុវត្ត សារាចរណែនាំស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ​ប្រពៃណីជាតិនេះ ឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕

សូមអាន សារាចរណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង