រដ្ឋបាលខេត្តព្រះសីហនុ បិទផ្លូវឆ្លងកាត់ផ្សារទំនប់រលក ជាបណ្តោះអាសន្នដោយសារជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ មន្ត្រីអ្នកនាំពាក្យរដ្ឋបាល ខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឲ្យប្រព័ន្ធផ្សព្វផ្សាយ ដឹងនៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ថា អាជ្ញាធរសម្រេចផ្អាកចរាចរណ៍ធ្វើដំណើរ ឆ្លងកាត់ផ្លូវផ្សារទំនប់រលក ជាបណ្តោះអាសន្នសិន ពោលគឺ អ្នកធ្វើដំណើរ មានទិសដៅចេញពីក្រុងព្រះសីហនុ គឺបិទត្រង់ចំណុចស្នាក់ការសន្តិសុខ កងរាជអាវុធហត្ថទំនប់រលក។ រីឯអ្នកធ្វើដំណើរ ក្នុងទិសដៅមកពីស្រុកស្ទឹងហាវ បិទត្រង់់់់់់ចំណុចផ្លូវបំបែក ចូលទៅតំបន់អូរដំរី។

លោកបន្តថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ដែលមានធុរៈចាំបាច់ ត្រូវធ្វើដំណើរទៅ-មកក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ សូមធ្វើដំណើរ វាងតាមផ្លូវរោងចក្រ អ័រ ស៊ី អាយ (RCI) ជំនួសវិញ។

លោក ឃាង ភារម្យ បន្តទៀតថា ការបិទផ្លូវនេះ ធ្វើឡើងតាមបញ្ជា របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដោយបិទខ្ទប់ផ្នែកខ្លះ ក្នុងតំបន់ទំនប់រលក ដែលជាទីកន្លែង កំពុងមានហានិភ័យ ឬជាទីកន្លែង ដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដើម្បីការពារទប់ស្កាត់ កុំឲ្យឆ្លងរាតត្បាតកាន់តែធ្ងន់ធ្ងរ៕

អត្ថបទដែលជាប់ទាក់ទង