អភិបាលខេត្តព្រះសីហនុ ​ចុះពិនិត្យ​ការចាក់វ៉ាក់សាំង ជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ..

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅ​ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ បាន​ចុះពិនិត្យមើលសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញការងារជួរមុខ និងប្រជាពលរដ្ឋ ​ជាពិសេសពលរដ្ឋមានអាយុចាប់ពី ៦០ឆ្នាំឡើង នៅសាលាបឋមសិក្សា-អនុវិទ្យាល័យតេជោសែនកម្មករ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

នាឱកាសនោះ លោក គួច ចំរើន ​មានប្រសាសន៍ថា ខេត្តព្រះសីហនុរបស់យើង ពិតជាមានភ័ព្វសំណាងណាស់ ដែលរាជរដ្ឋាភិបាល បានផ្តល់វ៉ាក់សាំង Covishield (AstraZeneca) ដើម្បីចាក់ជូនប្រជាពលរដ្ឋ ដែលមានអាយុ៦០ឆ្នាំឡើងទៅ គឺត្រឹម​ ០៣រាជធានីខេត្តតែប៉ុណ្ណោះ គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ដែលមានប្រសិទ្ធភាពល្អសម្រាប់មនុស្សចាស់។

លោកអភិបាលបន្តថា នៅថ្ងៃនេះ សង្កេតឃើញថាប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង បានអញ្ជើញមកចាក់វ៉ាក់សាំង មានចំនួនតិចតួច ដែលមិនទាន់ឆ្លើយតបនឹងផែនការចាក់វ៉ាក់សាំង របស់យើងនៅឡើយទេ ដោយសារកាលបរិច្ឆេទប្រើប្រាស់វ៉ាក់សាំងមានកំណត់។ ​ដូច្នេះសូមអំពាវនាវ​ដល់ប្រជាពលរដ្ឋ មានអាយុចាប់ពី៦០ឆ្នាំឡើង សូមអញ្ជើញរួសរាន់មកចាក់វ៉ាក់សាំង Covishield​ (AstraZeneca) ដើម្បី​បង្ការការឆ្លងជំងឺកូវីដ-១៩​ នៅក្នុងសហគមន៍របស់យើង។

ទន្ទឹមនឹងនោះ លោក គួច ចំរើន ក៏បានណែនាំដល់ក្រុមការងារប្រចាំការនៅទីតាំងចាក់វ៉ាក់សាំង ត្រូវ រៀបចំសណ្ដាប់បានល្អ សម្រួលដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបានលឿន ការពារការចម្លងគ្នាទៅវិញទៅមក សូមរក្សាគម្លាតឱ្យបាន ១,៥០ ម៉ែត្រ និងចូលរួមអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសគោលការណ៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣​ការពារ និង ៣កុំ ទើបយើងជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង