គ្រោះថ្នាក់ចរាចរណ៍តាមផ្លូវជាតិលេខ៤ ស្លាប់មនុស្សម្នាក់នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរណ៍មួយករណីបានកើតឡើង រវាងម៉ូតូសណ្តោងរុឺម៉ក បុកប៉ះជាមួយ រថយន្ត SIENNA នៅ​លើ​កំណាត់ផ្លូវ​ជាតិ​លេខ៤ ចន្លោះ​បង្គោល​គីឡូម៉ែត្រលេខ​២១១-២១២ ស្ថិតក្នុង​ភូមិពូធឿង ឃុំបិតត្រាំង ​ស្រុកព្រៃនប់ ​ខេត្តព្រះសីហនុ បានបណ្ដាលឱ្យបុរសម្នាក់​ស្លាប់បាត់បង់ជីវិត នៅនឹង​កន្លែងកើតហេតុ។

សមត្ថកិច្ចបាន​បន្តថា ម៉ូតូសណ្តោងរុឺម៉ក ពាក់ផ្លាកលេខ​ ព្រះសីហនុ 1F-8037 អ្នកបើកបរ​ឈ្មោះ ​ស៊ីម សាឡន ភេទប្រុស អាយុ៣២ឆ្នាំ (ស្លាប់) ​មានទីលំនៅភូមិអង្គក្រូច ​ឃុំបូរីជលសារ ស្រុកបូរីជលសារ ​ខេត្តតាកែវ ដោយមានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ។

ដោយឡែក រថយន្តTOYOTA​ SIENNA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-3552 អ្នកបើកបរឈ្មោះ ឯម ចិត្រា ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិសឹង ឃុំសឹង ស្រុកសំរោង ខេត្តតាកែវ ដោយមានទិសដៅពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសារ អ្នកបើកម៉ូតូសណ្តោងរុឺម៉កបានវ៉ាជែងមកខាងឆ្វេងដៃ រួចក៏ជ្រុលបុករថយន្ត បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្ន វត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបាននគរបាលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដោយឡែកអ្នកបើកបររថយន្ត នគរបាលបានឃាត់ខ្លួននាំយកដោះស្រាយបន្តតាមនិតិវិធី៕

ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង