អាជ្ញាធរកឃើញបទល្មើស ទន្ទ្រានដីរដ្ឋ៣ទីតាំងទៀត នៅខេត្តកោះកុង

ខេត្តកោះកុង៖ អាជ្ញាធររដ្ឋបាលខេត្តកោះកុង បានរកឃើញបទល្មើសរំលោភដីរដ្ឋចំនួន ០៣ទីតាំងទៀត តាមការផ្តល់ព័ត៌មាន របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងគណៈបញ្ជាការឯកភាពខេត្តកោះកុង បាននាំកងកម្លាំងចម្រុះ ចុះពិនិត្យដល់ទីរាំងជាក់ស្តែង ដែលមានបទល្មើសទន្ទ្រានកាន់កាប់ដីរដ្ឋចំនួន ០៣ ទីតាំង នៅស្រុកស្រែអំបិល រួមមាន៖

១- ទីតាំងដីស្ថិតនៅភូមិជ្រោយស្វាយខាងលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ស្ថិតក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង។

២- ទីតាំងដីស្ថិតនៅឃុំជ្រោយស្វាយ (តំបន់សហគមន៍ត្រពាំងព្រិះ)។

៣- ទីតាំងដីស្ថិតនៅភូមិទឹកប៉ោ ឃុំបឹងព្រាវ។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដែលបានដឹកនាំក្រុមការថារ ចុះពិនិត្យដល់ទីតាំងដីរដ្ឋដែលត្រូវបានកាប់ទន្ទ្រានទាំង ០៣ទីតាំងខាងលើនេះ។ លោកបានណែនាំឱ្យអាជ្ញាធរដែនដី នៅតាមមូលដ្ឋាននីមួយៗ ត្រូវស្រាវជ្រាវរកឱ្យឃើញអ្នកទន្ទ្រានកាន់កាប់ដីរដ្ឋ និងមន្ទីរជំនាញ ត្រូវចុះចុចយកនិយាមកាដីរដ្ឋ ដែលទន្ទ្រានកាន់កាប់ដោយខុសច្បាប់ទាំងនោះ ដើម្បីធ្វើរបាយការណ៍ស្នើសុំចំណាត់ការ និងស្នើមតិយោបល់ ពីថ្នាក់ដឹកនាំខេត្ត ពិនិត្យសម្រេច។

ក្នុងប្រតិបត្តិការ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ គេសង្កេតឃើញមាន មន្ទីរបរិស្ថាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី, មន្ត្រីរដ្ឋបាលស្រុកស្រែអំបិល, មេឃុំ មេភូមិ និងមានការចូលរួមសហការពីតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុងផងដែរ។

លោក អេង ចន្ទភារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកោះកុងកាលពីរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា តាមការសន្និដ្ឋានបឋម ចំពោះបទល្មើសទន្ទ្រានកាន់កាប់ដីរដ្ឋចំនួន ០៣ ទីតាំងខាងលើ បង្ហាញថា ត្រង់ចំណុចទីតាំងទឹកប៉ោង ពិតជាមានការឈូសឆាយជាក់ស្តែង ប្រមាណជា ០៥ហិកតារ ចូលក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែងពិតប្រាកដមែន។ ដោយឡែក០២ទីតាំងផ្សេងទៀត រូបលោក នៅពុំទាន់អាចធ្វើការសន្នដ្ឋានបានទេ ដោយរង់ចាំខាងស្រុកនិងជំនាញធ្វើការវាស់វែង ចុចនិយាមការ ចេញរបាយការណ៍បញ្ជូនមកសិន ទើបអាចចាត់វិធានការតាមនីតិវិធីច្បាប់ទៅបាន។

ជាមួយគ្នានេះ លោក សុខ សុទ្ធី ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយមន្ទីរអង្គភាពជំនាញ ទប់ស្កាត់ តាមដាន ត្រួតពិនិត្យ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ចំពោះការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ កុំឲ្យកើតមានឡើងបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង