អាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត..

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី០១ និងទី០២ ខែមេសា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីឆបោក រំលោភលើទំនុកចិត្ត និងកំហែងយក កាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដែលបានប្រព្រឹត្តនៅក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបន្តថា ការឃាត់ខ្លួនខាងលើ ធ្វើឡើង តាមដីកាបញ្ជាឲ្យចូលខ្លួន លេខ ០៧ អ.យុង/២១ របស់អយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ចេញដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង ០៣នាក់ ខាងលើរួមមាន៖ ឈ្មោះ ហ៊ឹន ត្រឹង ហៅ ហេង សុវណ្ណា ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ស្នាក់នៅបច្ចុប្បន្នភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងជនសង្ស័យ ០២នាក់ទៀត នៅមិនទាន់ស្គាល់អត្តសញ្ញាណ។

ប្រភពបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហ៊ឹន ត្រឹង ហៅ ហេង សុវណ្ណា គឺជាអ្នកធ្លាប់បំរើការជូន (ដើមបណ្តឹង) ហើយបានយកលុយពី (ដើមបណ្ដឹង) រាប់លានដុល្លារអាមេរិក ដោយសន្យាថា នឹងដោះស្រាយរឿងរ៉ាវដីធ្លីជូន តែផ្ទុយទៅវិញបុគ្គលរូបនេះ មិនបានធ្វើតាមការសន្យា។

ប្រភពដដែលបន្តថា បុគ្គល ត្រឹង ហៅវណ្ណា ដែលតែងតែតាំងខ្លួនឯងជាឧកញ៉ា គឺជាបុគ្គលម្នាក់ ដែលចូលចិត្តសំញ៉ែង ដូររថយន្តសេរីទំនើប និងតែងយកឈ្មោះថ្នាក់ដឹកនាំធំៗមកប្រើ ដោយដើរសន្យាជាមួយមនុស្សផ្សេងៗ ថានឹងជួយដោះស្រាយបញ្ហាដីធ្លីជូន ទើបដើមបណ្ដឹងមានការទុកចិត្ត តែមិននឹកស្មានបុគ្គលឈ្មោះត្រឹង ខាងលើនេះ បោកប្រាស់លុយគាត់អស់រាប់លានដុល្លារទៅវិញ។

កាលពីថ្ងៃទី០២ ខែមេសា លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុន ទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដាក់លិខិតជូនលោកអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូដ-១៩ ដោយសំណើរសុំពិនិត្យយកសំណាក និងធ្វើចត្តាឡីស័ក លើជនសង្ស័យខាងលើ ដើម្បីបន្តនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ។

យ៉ាងនេះក្តី គេហទំព័រ”កម្ពុជាថ្ងៃនេះ” មិនទាន់អាចមានប្រភពទាក់ទង ឈ្មោះ ហ៊ឹន ត្រឹង ហៅ ហេង សុវណ្ណា ដើម្បីបំភ្លឺលើករណីចោទប្រកាន់ ខាងលើបាននៅឡើតទេ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង