រដ្ឋបាលខេត្តកោះកុង ចុះរឹតបន្តឹង ជនជាតិចិនរាប់ពាន់នាក់ ក្នុងបន់វិស្សមកាលតារាសាគរ LONG BAY

ខេត្តកោះកុង៖ សមត្ថកិច្ចចម្រុះខេត្តកោះកុង បានឲ្យដឹងថា ជនជាតិចិនរាប់ពាន់នាក់ ស្ថិតក្នុងតំបន់វិស្សមកាលតារាសាគរ LONG BAY កំពុងធ្វើចត្តាឡីស័ក ហាក់មិនគោរពវិធានសុខាភិបាល ខណៈចំណុចទីតាំងនេះ ដែលជាទីតាំងតែមួយគត់មានករណីផ្ទុះជំងឺកូវីដ-១៩ ក្នុងខេត្តកោះកុង ច្រើនជាងគេ។

សមត្ថកិច្ចបញ្ជាក់ថា ទីតាំងខាងលើនេះ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៣០នាក់, ស្រី០៧នាក់ ដោយគិតចាប់ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ មកដល់ពេលនេះ។ ក្នុងនោះ មានអ្នកកំពុងធ្វើចត្តាឡីស័កសរុបចំនួន ១.២១១នាក់, ស្រី ៣៨០នាក់។

ដោយមើលឃើញពីភាពមិនប្រក្រតីបែបនេះ លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកោះ និងជាប្រធានក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ ខេត្តកោះកុង កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារខេត្ត, មន្រ្តីសុខាភិបាល, ស្នងការនគរបាលខេត្ត, កងរាជអាវុធហត្ថខេត្ត, តំណាងរដ្ឋបាលស្រុកបូទុមសាគរ និង ស្រុកគិរីសាគរ ចុះពិនិត្យអគារក្រុមហ៊ុន LONG BAY ស្ថិតក្នុងតំបន់វិស្សមកាលតារាសាគរ ស្រុកគិរីសាគរ ដែលជាទីតាំងតែមួយគត់ មានករណីផ្ទុះជំងឺកូវីដ-១៩ មានចំនួនច្រើនក្នុងខេត្តកោះកុង។

លោក ទូ សាវុធ បានបញ្ជាក់ថា ការចុះពិនិត្យទីតាំងនាពេលនេះ ដើម្បីពិភាក្សាគ្នា និងកំណត់វិធានការច្បាស់លាស់មួយ ឈានទៅគ្រប់គ្រងអ្នកកំពុងធ្វើចត្តាឡីស័ក ឱ្យមានប្រសិទ្ធភាព ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល។ ក្នុងនោះក្រុមការងារ បានដាក់ចេញ នូវវិធានការ ដែលបានឯកភាពគ្នាគឺ៖

បន្តបិទការចេញចូលក្នុងអគារក្រុមហ៊ុន LONG BAY ទាំងមូល ដែលមាន ២២អគារ រួមទាំង បិទអគារប្លុក០៨ ពិសេសជាន់ទី០៤ និងទី០៥ ដែលជាទីតាំងមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ «អ្នកវិជ្ជមានចំនួន០៨នាក់ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១» និងមានអ្នកប៉ះពាល់ផ្ទាល់ និង ប្រយោលចំនួន ៥៦នាក់ កំពុងដាក់ឱ្យធ្វើចត្តាឡីស័ក និងចាក់សោមិនអនុញ្ញាត ឱ្យមានការចេញចូល។

បន្ថែមលើនេះ ដើម្បីពង្រឹងវិធានសុវត្ថិភាពសុខាភិបាល បញ្ជាការឯកភាពខេត្តកោះកុង បានសម្រេច ប្រើកម្លាំងនៃស្នងការនគរបាល និងអាវុធហត្ថខេត្ត ដោយដាក់ឱ្យយាមទាំងក្នុង និងក្រៅបរិវេណអគារ LONG BAY ដើម្បីគ្រប់គ្រងការចេញចូល និងតាមដានអ្នកកំពុងចត្តាឡីស័ក។

សូមបញ្ជាក់ថា កន្លងមកការគ្រប់គ្រង ការចេញចូលក្នុងអគារក្រុមហ៊ុន LONG BAY គឺប្រើប្រាស់កម្លាំងសន្តិសុខឯកជន របស់ក្រុមហ៊ុន និងគណៈ បញ្ជាការឯកភាពស្រុក តែដោយសារកម្លាំងសន្តិសុខមិនគ្រប់គ្រាន់ ទើបគណៈបញ្ជាការឯកភាពខេត្តកោះកុង សម្រេចប្រើប្រាស់កងកម្លាំងសមត្ថកិច្ចខេត្ត ក្នុងការជួយធ្វើន្តរាគមន៍បន្ថែម៕

អត្ថបទដែលជាប់ទាក់ទង