អាជីវករនិងសន្តិសុខនៅផ្សារអូរឬស្សីសរុប១៦នាក់ រកឃើញឆ្លងកូវីដ១៩, អាជ្ញាធរបន្តអំពាវនាវឲ្យអាជីវករទាំងអស់ទៅយកសំណាកជាបន្ទាន់

រាជធានីភ្នំពេញ​៖ អាជ្ញាធររាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១​ បានរកឃើញ អាជីវករ និងសន្តិសុខនៅផ្សារអូរឬស្សី ចំនួន១៦នាក់ ក្នុងនោះមានអាជីវករ១២នាក់ និងសន្តិសុខ០៤​នាក់ ​បានឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់។ ហេតុនេះ ​សូម​បងប្អូន អាជីវករទាំងអស់ នៅក្នុងផ្សារអូរឬស្សី ត្រូវទៅយកសំណាកជាបន្ទាន់​។

​លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ បានអំពាវនាវ​ដល់អ្នក​ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល​ជាមួយអាជីវករ និងសន្តិសុខ ដែលរកឃើញមានវិជ្ជមាន​ជំងឺកូវីដ-១៩ទាំងនោះ សូមទៅធ្វើតេស្តរកមេរោគ​កូវីដ​-១៩ ឲ្យបានទាំង​អស់គ្នា នៅវិទ្យាល័យបាក់ទូក។

រហូត​មកដល់ពេលនេះ គេសង្កេតឃើញថា មានអ្នប៉ះពាល់ទាំងផ្ទាល់ និងប្រយោលមួយចំនួន បានទៅយកសំណាកជាបណ្តើរៗរួចហើយៗ ទន្ទឹមគ្នានេះ ក៏មានប្រជាពលរដ្ឋខ្លះទៀត ដែលធ្លាប់ប៉ះពាល់​ជាមួយអ្នកជំងឺ មិនបានទៅយកសំណាកនោះទេ។

ត្រង់ចំណុចនេះ អាជ្ញាធររដ្ឋបាលសាលារាជធានីភ្នំពេញ ​ព្រមានប្រើផ្លូវច្បាប់ ចំពោះអ្នកគេចវេសមិនទៅធ្វើតេស្តសំណាកទាំងនោះ​។

លោក លឹម សុភា អភិបាលខណ្ឌ៧មករា ​បានបញ្ជាក់ថា​​ គិតចាប់តាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ មកដល់ពេលនេះ មានបងប្អូនអាជីវករចំនួន ១២នាក់​ និងសន្តិសុខ ០៤នាក់​ សរុបចំនួន​ ១៦​នាក់​​ហើយ បាន​រក​​ឃើញ​វិជ្ជមានកូវីដ-១៩។ ក្រោយមានហេតុការណ៍នេះកើតឡើង អាជ្ញាធរ និងមន្រ្តីសុខាភិបាល បានអំពាវនាវដល់បងប្អូនអាជីវករទាំងអ ស់នៅក្នុងផ្សារទៅយកសំណាកនៅវិទ្យាល័យ​បាក់ទូក ប៉ុន្តែពួកគាត់ខ្លះមិនបានទៅយកនោះទេ។ ដូច្នេះសូមឲ្យបងប្អូនទាំងអស់ ត្រូវអញ្ជើញទៅយកសំណាកជាបន្ទាន់ ដើម្បីស្វែងរកកូវីដ-១៩ ចៀសវាងការប្រើវិធានការតាមច្បាប់​។

ទាក់ទិនបញ្ហា​នេះ ​សាលារាជធានីភ្នំពេញ បានជូនដំណឹងថា ប្រសិនបើមានរោគសញ្ញា ឬមានបញ្ហាចម្ងល់ផ្សេងៗ អាចទាក់ទងទៅលេខ Hotline និងលេខទូរស័ព្ទ ៣ប្រព័ន្ធទៀត រួមមាន៖

​ទី១- Hotline 1299
​ទី២- 098 379 777
​ទី៣- 077 856 966
​ទី៤- 099 429 040

បន្ថែមលើនេះ ប្រជាពលរដ្ឋ ក៏អាចទាក់ទងទៅកាន់គណនីហ្វេសប៊ុក (Facebook) របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបញ្ជាក់បន្ថែម។

រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង​ ផ្អាកការចេញចូលផ្សារអូរឫស្សី ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពី​រក​ឃើញអាជីវករ អនុប្រធានផ្សារ និងសន្តិសុខសរុប ៦នាក់ បានកើតជំងឺកូវីដ-១៩។

​សេចក្តីជូនដំណឹង ​បញ្ជាក់ថា ការសម្រេចនេះ ធ្វើឡើងចាប់ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ ហើយថា ការផ្អាកនេះ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ-១៩ ទៅ​ដល់អាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋ ដែលចេញចូលផ្សារអូរប្ញស្សី។

ជាងនេះទៀត រដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា ក្នុងកំឡុងពេលផ្អាកឬបិទផ្សារជាបណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានារ៉ាប់រងលើការងារសន្តិសុខ និងសុវត្ថិភាព ចំពោះសម្ភារៈ និងឥវ៉ាន់គ្រប់ប្រភេទ របស់អាជីវករ ដែលបានរក្សាក្នុងតូបនីមួយៗមិនឱ្យបាត់បង់ ឬតម្រូវឱ្យបង់ថ្លៃណាមួយនោះឡើយ។

ព្រមជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ​បញ្ជាក់ថា បន្ទាប់​ផ្អាកការចេញចូល​ផ្សារអូរប្ញស្សី រូបលោក​ក៏បានចាត់​ចែងឱ្យ​ក្រុមការងារ លាង និងបាញ់ថ្នាំ នៅក្នុងផ្សារអូរប្ញស្សី ដើម្បីសម្លាប់មេរោគថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង