រដ្ឋបាលខេត្តព្រះសីហនុ ស្នើឲ្យពលរដ្ឋជាង៤ពាន់នាក់​ ​ត្រូវទៅ​តេស្តសំណាកជាបន្ទាន់ ក្រោយរក​ឃើញ​ពលរដ្ឋរស់នៅ​ទំនប់រលក​៦៣នាក់​ ឆ្លងជំងឺកូវីដ-១៩​

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បាន​ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតំបន់ទំនប់រលក​ ក្នុងក្រុមទី ០៦, ០៧, ០៩, ១០, ១១, ១២, ១៣, ១៤, ១៥, ១៦, ១៧, ១៨, ១៩, ២០, ២១, ២២, ២៣, ២៤, ៣២ ស្ថិតភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ឲ្យបានជ្រាបថា គិតត្រឹមព្រឹក​ថ្ងៃទី០៤ ខែមេសា ឆ្នាំ​២០២១ ​មន្ត្រីសុខាភិបាល បានរកឃើញមានប្រជាពលរដ្ឋរស់នៅតំបន់ទំនប់រលកចំនួន ៦៣នាក់ហើយ​ បានធ្វើ​តេស្តរកឃើញមានវិជ្ជាមានជម្ងឺកូវីដ-១៩។

ផ្តើមពីបញ្ហានេះ​ ក្រុមការងារចម្រុះ នៃរដ្ឋបាលក្រុងព្រះសីហនុ និងសង្កាត់១ ក៏បានចុះស្រង់ស្ថិតិបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅទាំង ១៩ក្រុម ខាងលើ មានចំនួន ៤.២៨២នាក់ ហើយអំពាវនាវដល់បងប្អូនអញ្ជើញ​មក​សាលាអនុវិទ្យាល័យសាគូរ៉ា ស្ថិតនៅក្រុមទី១៧ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ដើម្បីយកសំណាកតេស្តរកជម្ងឺកូវីដ-១៩ ឲ្យបានគ្រប់គ្នា ចាប់ពីថ្ងៃអំពាវនាវនេះតទៅ។ ដោយឡែក ​ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់កត់ឈ្មោះយកសំណាក សូមអញ្ជើញមកជួបក្រុមការងារប្រចាំការ នៅបរិវេណសាលាអនុវិទ្យាល័យសាគូរ៉ា ស្ថិតនៅក្រុមទី១៧ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ចាប់ពីម៉ោង ០៨ព្រឹក ដល់ម៉ោង ០៤ល្ងាច ដើម្បីមានឈ្មោះយកសំណាកធ្វើតេស្តរកជម្ងឺកូវីដ-១៩។

​ត្រង់ចំណុចនេះ រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា ចំពោះអត្ថប្រយោជន៍ ដែលបងប្អូនប្រជាពលរដ្ឋមកយកសំណាកបានទាន់ពេលវេលាគឺ៖

១- អ្នកឆ្លងជម្ងឺកូវីដ-១៩ នៅតំណាក់កាលដំបូង អាចមានស្ថានភាពមិនធ្ងន់ធ្ងរ និងងាយស្រួលដល់ក្រុមគ្រូពេទ្យ ពិនិត្យព្យាបាលបានទាន់ពេលវេលា និងគេចផុតពីសេចក្តីស្លាប់។

២- ទប់ស្កាត់ការឆ្លងរីករាលដាលដល់សមាជិកគ្រួសារ និងអ្នកដទៃ ពិសេសទប់ស្កាត់ការឆ្លងជាសហគមន៍កាន់តែរីករាលដាលធំទៅៗ។

៣- ចុងក្រោយឈានដល់ការគ្រប់គ្រងបានទាំងស្រុងនៃការឆ្លងរីករាលដាល និងបញ្ចប់ជីវិតជម្ងឺCovid-19។

ចំណែក ចំពោះ ហានិភ័យនៃការមិនចូលរួមសហការ និងការមិនមកយកសំណាកឲ្យបានទាន់ពេលវេលាគឺ៖

១- អ្នកឆ្លងជម្ងឺCovid-19 អាចមានស្ថានភាពឈឺធ្ងន់ធ្ងរ ហួសពេលដែលក្រុមគ្រូពេទ្យអាចព្យាបាលសង្គ្រោះជីវិតបាន នឹងប្រឈមសេចក្តីស្លាប់ខ្ពស់។

២- ការឆ្លងរីករាលដាលដល់សមាជិកគ្រួសារ និងអ្នកដទៃ ពិសេសការឆ្លងជាសហគមកាន់តែរីករាលដាលធំទៅៗ មិនអាចគ្រប់គ្រងបាន។

៣- ប៉ះពាល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ទំនប់រលកទាំង ១៩ក្រុមខាងលើ សូមអញ្ជើញមកសាលាអនុវិទ្យាល័យសាគូរ៉ា ដើម្បីឲ្យក្រុមគ្រូពេទ្យយកសំណាកតេស្តរកជម្ងឺកូវីដ-១៩ ទាំងអស់គ្នា និងត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ និងកុំចេញក្រៅផ្ទះឲ្យសោះ៕

អត្ថបទដែលជាប់ទាក់ទង