លោក នេត សាវឿន ​ដឹកនាំប្រជុំ​ស្ដីពីវិធានការធានាស្ថិរ​ភាព​សន្តិសុខ ​សណ្តាប់ធ្នាប់សាធារណៈ​​​ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ​

រាជធានីភ្នំពេញ​៖ ​លោកនាយឧត្តមសេនីយ៍​សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានដឹកនាំប្រជុំពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិច ស្ដីពី “វិធានការធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ” ធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ​២០២១ ដោយមានការចូលរួមពីថ្នាក់អគ្គស្នងការរងទាំងអស់ ​​ថ្នាក់ដឹកនាំ​នាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ និងស្នងការនគរបាលរាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា។

បន្ទាប់ពីការអានខ្លឹមសារលម្អិត នៃសេចក្តីណែនាំស្តីពី វិធានការធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដោយ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិរួចមក លោកនាយឧត្តមសេនីយ៍​សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានដាក់ចេញនូវគោលការណ៍រួមដូចខាងក្រោម៖

ទី១- គ្រប់នាយកដ្ឋាន-អង្គភាពចំណុះ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវប្រកាសចំណុចខ្ពស់ពង្រឹងវិធានការសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពិសេសនៅតាម​គោល​​ដៅអាទិភាព វត្តអារាម រមណីយដ្ឋាន និងទីតាំងកន្លែងកម្សាន្តសប្បាយនានា ដោយត្រូវមានផែនការចាត់តាំងអនុវត្តច្បាស់លាស់។

ទី២​- គ្រប់នាយកដ្ឋាន-អង្គភាព ត្រូវមានកម្មវិធីការងារជាក់ស្ដែងដូចខាងក្រោម៖

ក- ធ្វើការប្ដូរវេនប្រចាំការ ២៤/២៤ម៉ោង ដើម្បីធានានិរន្តរភាពការងារ

ខ- ត្រូវពង្រឹងក្រុមប្រចាំបញ្ជា ទាំងនៅតាមនាយកដ្ឋាន-អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីទទួលសំណូមពររបស់មហាជន និងត្រូវត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍ សម្ភារៈ ដើម្បីអន្តរាគមន៍ដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់សភាពការណ៍។

ទី៣ ក្រើនរំលឹកដាស់តឿនដល់គ្រប់នាយកដ្ឋាន-អង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ឱ្យអប់រំណែនាំមន្ត្រីក្រោមឱវាទអំពីការអនុវត្តវិធានសុខាភិបាល ពិសេសអនុសាសន៍ដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី “៣ការពារ ៣កុំ” ដើម្បីថែរក្សាសុខភាពផ្ទាល់ខ្លួន ព្រមទាំងក្រុមគ្រួសារ និងត្រូវធ្វើជាគំរូដល់សាធារណជន៕ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង