អត្ថប្រយោជន៍ពន្លៃ រុក្ខជាតិ​ឱសថ ​ជួយ​ទាំង​សម្រស់​និង​សុខភាព..

រាជធានីភ្នំពេញ៖ ពន្លៃ​ជា​រុក្ខជាតិ​ប្រទាល​ម្យ៉ាង ​មាន​ដើម​ខ្ពស់​ប្រហែល ២ម៉ែត្រ មានស្លឹក ផ្កា ​មើម អាច​ដុះ​នៅ​ក្នុង​ព្រៃ ឬ​ចាស់ៗ​ តែង​ចំណាំ​ដាំ​តាម​របង​ផ្ទះ។ មើម​ពន្លៃ​ មាន​រូបរាង​ស្រដៀងនឹងខ្ញី តែ​ពណ៌​លឿង​​ជាងខ្ញី ឯក្លិនវិញប្រហើរ ហើយភាគច្រើន​ គេ​យក​មក​ព្យាបាល​បញ្ហា​សរសៃ ធ្វើជា​ថ្នាំ​សម្រាប់​ស្រី​ៗ ទើប​សម្រាល​កូន​ហើយ ឲ្យ​ឈាម​ដើរ​ល្អ ឆាប់​រឹង​សរសៃ និងឲ្យស្បែក​ស្អាត​ផូរផង់ជាដើម។​

មិន​​តែ​ប៉ុណ្ណោះ​ទេ ​ពន្លៃ ក៏ជួយ​សម្រួលដល់​បញ្ហា ​គ្រេច​ថ្លោះ ថែរក្សា​សម្រស់ ស្លឹក ដើម ឫស ផ្កា និង​ផ្លែ របស់​ពន្លៃ​ ក៏ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ជា​ច្រើន​មុខថែមទៀតផង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​ក្នុង​សៀវភៅ រុក្ខជាតិ​ឱសថ​កម្ពុជា ដែល​ចង​ក្រង ​ដោយ​គណៈ​កម្មការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បុរាណ។

​អត្ថប្រយោជន៍របស់ពន្លៃ៖

មើម៖ ធ្វើ​ឲ្យ​រដូវ​ស្រីៗដើរ​ទៀង ព្យាបាល​ឈាម​ច្រមុះ រលាក​ពោះវៀន រាកមួល ឈឺធ្មេញ ក្អួត​ធ្លាក់​​ឈាម គ្រេចថ្លោះ បូស រោគសើស្បែក និងផ្សះដំបៅ ជាដើម។

​ស្លឹក៖ ព្យាបាលអាការៈ​ស្រៀវស្រាញ និងចុករួយ​ដៃជើង​រាងកាយជាដើម។

​ផ្កា៖ ព្យាបាល​បញ្ហា​ជាំក្នុង រំលាយដុំឈាម រំលាយឈាមអាក្រក់ និងទម្លាក់ឈាមរដូវជាដើម។

​ដើម៖ ជួយសម្រួលការបត់ជើងធំជាដើម

​ឫស៖ ព្យាបាលក្អួតឈាម និងឈាមច្រមុះជាដើម។

កម្រិតប្រើ៖

ដាំទឹកផឹកក្នុង ០១ថ្ងៃ ចន្លោះពី ២០-៣០ ក្រាម​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ ប្រភព៖​ “Hello គ្រូពេទ្យ”

អត្ថបទដែលជាប់ទាក់ទង