ពិសា ឬញ៉ាំ គ្រាប់ផ្លែឈើធម្មជាតិ មានប្រយោជន៍ច្រើនដល់សុខភាពបេះដូង..

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយ របស់គេហទំព័រ “​Hello Health Group និង “Hello គ្រូពេទ្យ” បង្ហាញថា ​​ការ​ញ៉ាំ​គ្រាប់​ផ្លែ​​ឈើ ​បាន​ពីរ​បី​ដង​ក្នុង​មួយ​សប្ដាហ៍ បាន​ជួយ​កាត់​បន្ថយ​អត្រា​ នៃ​ការ​ស្លាប់​ដោយ​​សារ​ជំងឺ​បេះ​ដូង​។

​​គ្រាប់​ផ្លែ​ឈើ​ មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​មិន​ឆ្អែត និង​សារ​ធាតុ​ចិញ្ចឹម​ផ្សេង​ៗ​ទៀត​ជា​ច្រើន​។ គ្រាប់​ផ្លែ​ឈើ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​អាហារ​សម្រន់​ល្អបំផុត​មួយ ធូរ​ថ្លៃ ងាយ​រក ងាយ​ទុក​ដាក់ និង​ងាយ​យក​តាម​ខ្លួន​។

ការ​សិក្សា​មួយ​ បាន​ធ្វើ​លើ​មនុស្ស​ស្រី​ចំនួន ៣៩​,០០០​នាក់ ដោយ​តម្រូវ​ឲ្យ​អ្នក​ទាំង​នោះ ឆ្លើយ​សំណួរ​ទាក់ទង​នឹង​របប​អាហារ​។ ក្នុង​​រយៈពេល ១៩​ឆ្នាំ នៃ​ការ​តាម​ដាន មាន​ស្រ្តី​ជិត ​១​០០០​នាក់​ បាន​ស្លាប់ ដោយ​សារ​ជំងឺ​បេះ​ដូង​។

ការ​សិក្សា​នេះ ​បាន​រាប់​បញ្ជូល​ទាំង​សន្ទស្សន៍​ម៉ាស់​រាង​កាយ សកម្មភាព​រាង​កាយ ការ​ជក់បារី និង​កត្តា​មួយ​ចំនួន​ទៀត​ ដែល​មាន​ឥទ្ធិពល​លើ​ជំងឺ​បេះ​ដូង។ ការ​សិក្សា​បាន​រក​ឃើញ​ថា​ ស្រ្តី​ដែល​បាន​ញ៉ាំ​គ្រាប់​ផ្លែ​ឈើ​យ៉ាង​តិច​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍ ដោយ​​ម្ដង​ប្រហែល​៣២​ក្រាម មាន​អត្រា​ស្លាប់​ដោយ​សារ​ជំងឺ​បេះ​ដូង​២៧​%​ទាប​ជាង​អ្នក​មិន​ញ៉ាំ​គ្រាប់​ផ្លែ​ឈើ​។

​គ្រាប់​ផ្លែ​ឈើ ជួយ​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល និង​ខ្លាញ់​មិន​ល្អ ដែល​អ្វី​ទាំង​នេះ​ អាច​ធ្វើ​ឲ្យ​មានការ​កក​ស្ទះ​ក្នុង​សរសៃឈាម​អាក់​ទែ​។ មួយ​វិញ​ទៀត គ្រាប់​ផ្លែ​ឈើ​ក៏​ជួយ​កាត់​បន្ថយ​កម្រិត​ការ​រលាក​ ដែល​អាច​មាន​ទំនាក់ទំនង​នឹង​ជំងឺ​បេះ​ដូង។ ក្រៅពី​នេះ ក៏​បាន​ជួយ​កាត់​ប​ន្ថយ​ការ​វិវត្ត​ទៅ​ជា​ដុំ​កំណក​​ឈាម ដែល​ដុំ​កំណក​ឈាម​នេះ ​អាច​ធ្វើ​ឲ្យ​បញ្ហា​គាំង​បេះដូង និង​អាច​បាត់​បង់​ជីវិត​។

ថ្វី​បើ​គ្រាប់​ផ្លែ​ឈើភាគ​​ច្រើន មាន​ផ្ទុក​ខ្លាញ់ ដែល​ភាគ​ច្រើន​ជា​ខ្លាញ់​ល្អ តែ​វា​ក៏​មាន​ផ្ទុក​កាឡូរី​ច្រើនផងដែរ​។ ហេុតដូច​នេះ យើង​គួរ​ញ៉ាំ​គ្រាប់​ផ្លែ​ឈើ ក្នុង​កម្រិត​សម​ល្មម​បាន​ហើយ៕ ប្រភព៖ Hello Health Group និង “Hello គ្រូពេទ្យ”

អត្ថបទដែលជាប់ទាក់ទង