សមត្ថកិច្ចខេត្តមណ្ឌលគិរី រកឃើញចំការកញ្ឆាមួយកន្លែង​​ ប៉ុន្តែម្ចាស់ចំការរត់គេចខ្លួនដោយសុវត្ថិភាព

ខេត្តមណ្ឌលគិរី​៖ សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តនេះ បានសហការជាមួយនគរបាលក្រុងសែនមនោរម្យ និងនគរបាលស្រុកអូររាំង បានចុះដកបំផ្លាញដំណាំកញ្ឆា ​ក្នុងចម្ការមួយកន្លែងនៅក្បែរមាត់អូរទេ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយនាំយកវត្ថុតាងមួយចំនួន យកទៅរកស្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ប៉ុន្តែជនសង្ស័យ ដែលជាម្ចាស់ចម្ការបានរត់គេចខ្លួនបាត់ស្រមោល។

​ប្រតិបត្តិការ​នេះ​ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលបន្ទុក ផែនប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួល ពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី ។

ចំពោះវត្ថុតាង ដែលសមត្ថកិច្ច ចាប់បានរួមមាន៖ ដើមកញ្ឆាទម្ងន់ចំនួន ៣៨៤គីឡូក្រាម, ធុងបាញ់ថ្នាំចំនួន ០១, ធុងស្រោចដំណាំ០១,ចប០៣, ម៉ាស៊ីនមូមទឹក ០២​គ្រឿង​។

ចំណែកដំណាំកូនកញ្ឆាតូចៗ​មួយចំនួនទៀត ទើប​ដាំរួច ត្រូវ​កម្លាំងជំនាញ ដកបំផ្លាញចោលនៅនឹងចំការកញ្ញានោះតែម្តង។

​បច្ចុប្បន្ននេះ កម្លាំង​ប្រឆាំងគ្រឿងញៀន បានយកវត្ថុតាងទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងតាមស្វែងរកម្ចាស់ចម្ការ ដើម្បីនាំខ្លួន យកមកផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់៕ ប្រភព៖ SRS NEWS

អត្ថបទដែលជាប់ទាក់ទង