អាជីវករលក់ដូរនៅផ្សារចាស់ ដែលមានតូបជាប់​នឹងតូប ឈ្មោះ សុខ ប៉េងសុន ត្រូវទៅពិនិត្យសំណាករកមេរោគកូវីដ-១៩

រាជធានីភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ​២០២១នេះ បានចេញសេចក្តីជូនដំណឹង ជម្រាប់​ដល់បងប្អូនអាជីវករ ប្រកបអាជីវកម្មនៅផ្សារចាស់ ដែលមានតូបជាប់នឹងតូប ឈ្មោះ សុខ ប៉េងសុន តូបលេខ ៤៧៤, ៤៧៥, ៥០០, ៥០១ និងតូបលេខ ១៧, ១៨, ១៩ ២០ ព្រមទាំងអ្នកដែលពាក់ព័ន្ធទាំងអស់ សូមអញ្ជើញទៅពិនិត្យយកសំណាករកមេរោគកូវីដ-១៩ នៅមណ្ឌលសុខភាពចាក់អង្រែ ស្ថិតក្នុងខណ្ឌមានជ័យ ឲ្យបានគ្រប់ៗគ្នា។ ហើយថា នៅក្នុងអំឡុងពេលទៅពិនិត្យសំណាកនោះ សូមបងប្អូនអាជីវករ ត្រូវបញ្ជាក់ពីអាសយដ្ឋានបច្ចុប្បន្ន ដែលខ្លួន​កំពុងរស់នៅ​ឲ្យបានច្បាស់លាស់ ជូនក្រុមគ្រូពេទ្យពិនិត្យ យកសំណាកនៅមណ្ឌលសុខភាពចាក់អង្រែ ខណ្ឌមានជ័យ។

រដ្ឋបាលខណ្ឌដូនពេញ បានព្រមានថា ក្នុងករណី ដែលអាជ្ញាធរពិនិត្យឃើញ​ បងប្អូនខកខាន ឬគេចវេសមិនបានយកសំណាក ហើយអាជ្ញាធរពិនិត្យទៅមានពាក់ព័ន្ធជាមួយអាជីវករ លក់ដូរនៅផ្សារចាស់ ដែលមានផ្ទុក​មេរោគកូវីដ-១៩​នោះ អាជ្ញាធរមិនអនុញ្ញាត​ឲ្យបងប្អូន ដែលមិនបានទៅយកសំណាករកមេរោគកូវីដ-១៩នោះ ចូល​ប្រកបអាជីវកម្មលក់ដូរទៀតឡើយ (នៅពេលដែលអាជ្ញាធរបើកដំណើរការតូប របស់ឈ្មោះ សុខប៉េងសុន ឡើងវិញ​)។
រដ្ឋបាលខណ្ឌដូនពេញ សង្ឈឹមយ៉ាងមុតមាំថា ពេលបងប្អូនអាជីវករដែលពាក់ព័ន្ធទាំងអស់ ពេលទទួលបានសេចក្តីជូនដំណឹងខាងលើនេះ ​នឹងចូលរួមទៅពិនិត្យយកសំណាករកមេរោគកូវីដ-១៩ គ្រប់ៗគ្នាប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺ​កូវីដ-១៩ ឲ្យបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង