ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រទាំងយប់ ទៅដឹកស្រ្តីម្នាក់ត្រូវពស់ចឹកនៅលើកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យ

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿន ០១គ្រឿង របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា) G.T.V.C, Speed Boat Cambodia) ទៅទទួលយកស្ត្រីរងគ្តោះគ្រោះម្នាក់ ដែលត្រូវពស់ចឹកនៅលើកោះរ៉ុង ដើម្បីបញ្ជូនទាំងយប់ទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅម៉ោងជិត ០៩យប់ ថៃ្ងទី០៥ ខែមេសា ឆ្នាំ២០២១។

សកម្មភាពនេះ បានកើតឡើង បន្ទាប់ពី លោកឧកញ៉ា បានទទួលដំណឹងមកថា មានប្រជាពលរដ្ឋជាបុគ្គលិកធ្វើការនៅផែរសូរណឹងម្នាក់ត្រូវបានពស់ចឹកប្រអប់ជេីងខាងស្តាំ នៅជិតកន្លែងស្នាក់នៅ របស់គាត់។

បុគ្គលិកក្រុមហ៊ុន G.T.V.C បានឲ្យដឹងថា ស្ត្រីរងគ្រោះមាន ឈ្មោះ សុខ ច្រឹម ភេទ​ស្រីអាយុ ៥៦ឆ្នាំ មានប្តី​ ឈ្មោះ​ អ៊ូ ពុធ បច្ចុប្បន្នរស់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ស្ត្រីរងគ្រោះខាងលើ ត្រូវបានដឹកតាមអូប័រល្បឿនលឿន របស់ក្រុមហ៊ុន G.T.V.C ទាំងយប់ ចេញដំណេីរពីភូមិកោះរ៉ុងសន្លឹម ឆ្ពោះមកខេត្តព្រះសីហនុ​ ដោយចូលចត​នៅផែកាំសាប​ សង្កាត់លេខ​៣​ ក្រុងព្រះសីហនុ​ ហើយបន្តដឹកតាមរថយន្តពេទ្យ ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង