ផ្ទុះឆេះអូប័រលើលម្ហសមុទ្រ របួសធ្ងន់កងទ័ពជើងទឹក៤នាក់ និងបាត់ខ្លួន២នាក់

ខេត្តព្រះសីហនុ៖ មន្ត្រីកងទ័ពជើងទឹក នៃអង្គភាពសន្តិសុខលម្ហសមុទ្រ ចំនួន ៤រូប បានរងរបួសធ្ងន់ និង០២រូបផ្សេងទៀតបាត់ខ្លួន នៅក្នុងហេតុការណ៍ផ្ទុះឆេះអូប័រ ដែលក្រុមមន្ត្រីទាំងនោះ កំពុងជិះបំពេញបេសកកម្ម នៅលើលម្ហសមុទ្រ។

ប្រភពពីមន្ត្រីកងទ័ព ដែលចុះជួយសង្គ្រោះ បញ្ជាក់ថា នៅម៉ោង ១៣ និង៣០នាទី ថ្ងៃទី៥ ខែមេសាឆ្នាំ២០២១ អូប័រ ០១គ្រឿង ដែលផ្ទុកមន្ត្រីយោធា ០៦នាក់ បានផ្ទុះឆេះ ដោយមិនដឹងមូលហេតុ ក្នុងពេលកំពុងបំពេញបេសកម្ម ល្បាតនៅចំណុច (Lat:10°28‘00″N Long:103°40‘00″E ខាងត្បូងកោះសំពោច) ពីខាងមុខឆ្នេរព្រែកចាក រយៈចម្ងាយ 2Mile ពីឆ្នេរព្រែកចាក។

ក្រោយកើតហេតុ មន្ត្រីកងទ័ពជើងទឹកចំនួន ០៤រូប ត្រូវបានក្រុមអ្នកនេសាទជួយសង្គ្រោះ​ ប៉ុន្តែលោកវរនាវីឯក សុខ រស្មី និងឈ្មោះ ភ័ក្រ្ត បានបាត់ខ្លួនរហូតមកដល់ពេលនេះ។

លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ បានបញ្ជាកម្លាំងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ  រួមជាមួយ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជីធីវីស៊ី ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat, Cambodia) ក៏បានបញ្ចេញអូរប័រល្បឿនលឿន ដើម្បីជួយស្វែងរកអ្នកបាត់ខ្លួនទាំង០២នាក់នេះដែរ ប៉ុន្តែមិនទាន់មានដំណឹងល្អនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង