ការសិក្សាពីគម្រោងអភិវឌ្ឍរថភ្លើង MONO RAIL ក្នុងរាជធានីភ្នំពេញ បានបញ្ចប់ជាស្ថាព័រហើយ ដោយរង់ចាំតែ..

រាជធានីភ្នំពេញ៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា លោក ស៊ុន ចាន់ថុល បានឱ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា ការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Mono Rail នៅក្នុងរាជធានីភ្នំពេញ ដែល​បានសិក្សាកន្លងមក ពេលនេះបានសិក្សាចប់សព្វគ្រប់អស់ហើយ។ ជាងនេះទៀត ចំពោះការសិក្សាពីគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងក្រោមដី ក៏គ្រោងនឹងបញ្ចប់ ក្នុងរយៈពេលមួយខែខាងមុខ​នេះ​។

លោក ស៊ុន ចាន់ថុល ឲ្យដឹងដូច្នេះធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារ​ជាមួយ គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយ លោក Alexander D. Nash អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុង តាមប្រព័ន្ធ​វីដេ​អូ​ ពីចម្ងាយ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ។

នៅក្នុងកិច្ចប្រជុំនោះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានស្នើឱ្យធនាគារអភិវឌ្ឍន៍​អាស៊ី ជួយពិនិត្យឡើងវិញលើលទ្ធផល នៃគម្រោងសិក្សាទាំងនេះ និងរៀបចំយុទ្ធសាស្ត្រ ដើម្បីធ្វើការអភិវឌ្ឍន៍គម្រោងទាំងអស់នេះ​ផងដែរ។

​ប្រសិនបើគម្រោងទាំងនេះ មានការចូលរួមវិនិយោគពីក្រុមហ៊ុនឯកជន ឬក្លាយទៅជាការពិត​មែននោះ ​នឹងអាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់មុខមាត់ រាជធានីភ្នំពេញ បានមួយកម្រិតថែម​ទៀត ជាពិសេសជាការ​ឆ្លើយតប​ទៅនឹង​ការ​អភិវឌ្ឍ​របស់ប្រទេសជាតិ នាថ្ងៃអនាគតទៀត។

ជាការឆ្លើយតប​ លោក Alexander D. Nash បាន​​បង្ហាញចំណាប់ ចំពោះសំណើទាំងឡាយ ដែលលោក ស៊ុន ចាន់ថុល បានលើកឡើង ហើយបានបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី នឹងធ្វើការពិនិត្យ ​សម្រប​សម្រួល ចំពោះ​សំណើ​ របស់ភាគីកម្ពុជា ដែលបានលើកឡើងខាងលើនេះ៕ ប្រភព៖ PICH NEWS

អត្ថបទដែលជាប់ទាក់ទង