រាជរដ្ឋាភិបាល បិទការធ្វើដំណើរ និងបិទរមនីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ទី២០ ខែមេសា
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការធ្វើដំណើរឆ្លងកាត់ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយទៀតជាបណ្តោះអាសន្ន ក្នុងរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ការសម្រេចនេះ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឆ្លងរាតត្បាតពីខេត្តមួយ ទៅខេត្តមួយទៀត។ ប៉ុន្តែបម្រាមនេះ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយ ដោយមិនស្ថិតនៅក្រោមវិសាលភាព នៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមកនោះទេ។
សេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ក៏បានលើកលែងចំពោះ៖ រាល់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក។ ការធ្វើដំណើរ របស់មន្ត្រីរាជការសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដោយត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវប័ណ្ណសម្គាល់ការងាររបស់ខ្លួន ឯកសារបេសកកម្ម និងឯកសារពាក់ព័ន្ធផ្សេងទៀត។ ការធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន ដោយរួមទាំងការដឹកជញ្ជូនពលករ ដែលធ្វើដំណើរវិលត្រឡប់ពីក្រៅប្រទេស ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ទៅកាន់ស្រុកកំណើតក្នុងគោលបំណងដើម្បីធ្វើចត្តាឡីស័ក។ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងេកជន។ រថយន្តពន្លត់អគ្គិភ័យ។ រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់។ ការដឹកជញ្ជូនកម្មករ ទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការធ្វើដំណើររបស់ពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្សមិនឱ្យលើសពី ០៤នាក់ សម្រាប់ករណីនីមួយៗ។ ការធ្វើដំណើរដោយមូលហេតុចាំបាច់ផ្សេងទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
សេចក្តីសម្រេចនេះ បញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានសម្រេចបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដែលថ្ងៃទី២០ ខែមេសាផងដែរ។
តាមរយៈសេចក្តីសម្រេចនេះ រាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចជូន គណៈអភិបាលរាជធានី-ខេត្ត ត្រូវអនុវត្តវិធានការឱ្យមានប្រសិទ្ធភាព។ ហើយថា គណៈអភិបាលរាជធានី-ខេត្ត ក៏ត្រូវបានប្រគល់សមត្ថកិច្ច ក្នុងការសម្រេចដាក់ចេញវិធានការគ្រប់គ្រង រឹតត្បិត ឬហាមឃាត់ការធ្វើដំណើរ ដោយអនុលោមតាមគោលការណ៍ដូចមានចែង ក្នុងប្រការ១ខាងលើ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន សម្រាប់ភូមិសាស្ត្រក្រុង-ស្រុក-ខណ្ឌ ឬឃុំ-សង្កាត់ ឬភូមិ ឬទីកន្លែងណាមួយ នៅក្នុងភូមិសាស្ត្ររាជធានី-ខេត្តរបស់ខ្លួន ដែលមានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ឬក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
សេចក្តីសម្រេចដដែលនេះ រាជរដ្ឋាភិបាល ក៏បានណែនាំគណៈអភិបាលរាជធានី-ខេត្ត ក្នុងរយៈពេល ០២សប្តាហ៍នេះ ត្រូវចាត់វិធានការចាំបាច់នានា ក្នុងភូមិសាស្ត្ររាជធានី-ខេត្តរបស់ខ្លួន សំដៅគ្រប់គ្រង និងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរ ព្រមទាំងធានា នូវការគោរព និងអនុវត្តវិធានការសុខាភិបាល បង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួន អនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានជាធរមាន ទាំងនៅក្នុងការគ្រប់គ្រងចរាចរណ៍ និងការដឹកជញ្ជូនមនុស្ស និងទាំងនៅតាមទីតាំងសាធារណៈនានា ពិសេសនៅតាមវត្តអារាម វិហារសាសនា និងទីតាំងផ្សេងទៀត ដែលអាចមានសភាពអ៊ូអរ និងមានមនុស្សជួបជុំគ្នាក្នុងចំនួនច្រើន។
បន្ថែមលើនេះ គណៈអភិបាលរាជធានី-ខេត្ត ក៏មានសិទ្ធិបង្កើតយន្តការចាំបាច់នានា ដើម្បីតាមដាន ត្រួតពិនិត្យ និងអនុវត្តវិធានការទាំងឡាយខាងលើ ក្រោមសមត្ថកិច្ចរបស់ខ្លួនផងដែរ។
សេចក្តីសម្រេច របស់រាជរដ្ឋាភិបាលពេលនេះ បានធ្វើឡើងស្របពេល ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានបន្តកើនឡើងជារៀងរាល់ថ្ងៃ និងរីករាលដាល់នៅតាមបណ្តាលខេត្តជាច្រើនទៀត ក្នុងប្រទេសកកម្ពុជា។
ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បង្ហាញថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៩១នាក់ និងមានអ្នកជាសះស្បើយចំនួន ៣០នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៩០នាក់ និងអ្នកដំណើរពីបរទេស ០១នាក់។
ក្រសួងសុខាភិបាល បន្តថា អ្នកឆ្លងជំងឺកូវីដ-១៩ថ្មី នៅរាជធានីភ្នំពេញមានចំនួន ៧៨នាក់, ខេត្តតាកែវ ០៤នាក់, ខេត្តស្វាយរៀង ០៣នាក់, ខេត្តត្បូងឃ្មុំ ០១នាក់, ខេត្តពោធិ៍សាត់ ០១នាក់, ខេត្តកំពង់ចាម ០១នាក់, ខេត្តប៉ៃលិន ០១នាក់ និងខេត្តព្រៃវែង ០១នាក់។
ក្រសួងសុខាភិបាល បញ្ជាក់បន្ថែមថា គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមេសានេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប២៩១៥នាក់, អ្នកជាសះស្បើយចំនួន ១៨២៤នាក់, អ្នកកំពុងព្យាបាលមានចំនួន ១០៦៤នាក់ និងស្លាប់ដោយជំងឺកូវីដ-១៩ចំនួន ២២នាក់។
សូមអានសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ដូចខាងក្រោម៖

