នគរបាលខេត្តកោះកុង ចុះបង្ក្រាបចោរលួចម៉ូតូ​ម្នាក់ និងកំពុងកសាងសំណុំរឿង​បញ្ជូនទៅតុលាការ​

ខេត្តកោះកុង៖ សមត្ថកិច្ចនគរបាលខេត្តកោះកុង បានឲ្យដឹងថា មានជនសង្ស័យឈ្មោះ សេង យូរ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោយធ្វើសកម្មភាពលួចម៉ូតូ ​០១គ្រឿង ហើយបានរត់គេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចក្របួចបាន ក្រោយជនល្មើសរូបនេះ ធ្វើសកម្មភាពលួចត្រឹមតែ ៣០នាទី។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង ១៧ៈ០០នាទី ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។

សកម្មភាពចុះបង្ក្រាបបទល្មើសលួចម៉ូតូភ្លាមៗនេះ បានកើតឡើងក្រោយពេល ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានទទួលបណ្ដឹង របស់ឈ្មោះ ចាន់ ភឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ប្តឹងថា មានជនមិនស្គាល់មុខបានលួចម៉ូតូរបស់ខ្លួន។

ក្រោយ​ទទួលបណ្តឹងនេះភ្លាម គឺនៅវេលាម៉ោង ១៧ ​និង៣០នាទី ថ្ងៃខែឆ្នាំដដែល លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានដាក់បទបញ្ជារទៅលោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការ​​នគរ​បាលក្រុង ដឹក​នាំកម្លាំង​ជំនាញ​ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង ចេញល្បាត និងពួនស្ទាក់ចាប់មុខសញ្ញាសង្ស័យ នៅចំណុចផ្លូវជាតិ៤៨ ស្ពានតាតៃ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតា​តៃក្រោម ស្រុកកោះកុង។

​ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ច ដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូម៉ាក Wave ពណ៌ក្រហម ០១គ្រឿង និងទូរស័ព្ទដៃចំនួន ០២គ្រឿង។ បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាង ​សមត្ថកិច្ចជំនាញ កំពុងកសាងសុំណុំរឿង​បញ្ជូនទៅការិយល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ៖ មិត្ត សម្លាញ់

អត្ថបទដែលជាប់ទាក់ទង