ខ្យល់កន្ត្រាក់បំផ្លាញផ្ទះ១៧ខ្នង នៅស្រុកបុទុមសាគរ ខេត្តកោះកុង

ខេត្តកោះកុង៖ គណៈបញ្ជាការឯកភាពស្រុកបុទុមសាគរ បានចុះអន្តរាគមន៍​ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះបណ្តាលមកពីខ្យល់កន្ត្រាក់បោកបក់នាំឲ្យខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំណួន ១៧ខ្នង នៅស្រុកបុទុមសាគរ ខេត្តកោះកុង កាលពីម៉ោងប្រមាណ ១១យប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ​២០២១។

សេចក្តីរាយការណ៍ពីពលរដ្ឋរងគ្រោះ នៅភូមិ​តាមាឃ ឃុំ អណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង បានឲ្យដឹងថា ឧបទ្ទវហេតុ​ខ្យល់កន្ត្រាក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ១១យប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ដោយបានបំផ្លាញផ្ទះប្រជាពលរដ្ឋ ចំនួន១៧ខ្នង និង​រងរបួសប្រជាពលរដ្ឋម្នាក់។

អភិបាលស្រុកបុទុមសាគរ លោក ហាក់ ឡេង ​មានប្រសាសន៍ថា ក្រោយទទួល​ដំណឹងពីគ្រោះមហន្តរាយ​ខ្យល់កន្ត្រាក់នេះភ្លាម គឺនៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ក្រុមការងារកាកបាទក្រហមកម្ពុជា ក៏បាននាំយកជំនួយមនុស្សធម៌ របស់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបុទុមសាគរ ចុះជួយពលរដ្ឋរងគ្រោះទាំង ១៧ខ្នងផ្ទះ ដែលរងការខូចខាតដោយសារខ្យល់កន្ត្រាក់ តាមស្ថានភាពចាក់ស្តែង។

ព្រមជាមួយគ្នានេះ លោកអភិបាល ក៏បានអំពាវនាវដល់បងប្អូនបប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅមូលដ្ឋានខាងលើនេះ សូមទាក់ទងទៅ អាជ្ញាធរមូលដ្ឋាននៅក្នុងស្រុកបុទុមសាគរជាបន្ទាន់ រាល់ករណីជួបគ្រោះ​អាសន្នដោយប្រការណាមួយ ដើម្បីឲ្យអាជ្ញាធរស្រុក ​ចុះជួយសង្គ្រោះឲ្យបានទាន់ពេលវេលា។ បន្ថែមលើនេះ លោកអភិបាលស្រុកបុទុមសាគរ ក៏បានណែនាំដល់បងប្អូនប្រជាពលតរដ្ឋ សូមកុំភ្លេចចូលរួមរក្សាអនាម័យ ដើម្បីការពារខ្លួនពីការឆ្លងរាលដាលជំងឺកូវីដ-១៩ ឲ្យបានទាំងអស់គ្នា ដោយត្រូវលាងសំអាតដៃ ឲ្យបានជាប្រចាំ និងត្រូវចូលរួមអនុវត្តន៍​តាម​វិធាន ៣កុំ ​​៣កាពារ និង២ចូលរួម ឲ្យបានទាំងអស់គ្នា។

​ងាកមក គ្រោះមហន្តរាយផ្សេងៗវិញ លោក ហាក់ ឡេង អភិបាលស្រុកបុទុមសាគរ បានបន្តក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ​ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច នៅដើមរដូវវស្សាឆ្នាំនេះ ព្រោះថា កត្តាអាកាសធាតុបច្ចុប្បន្ន ​មានការប្រែប្រួល​​ខុសពីធម្មតា ហើយដោយម្យ៉ាង ស្រុកបុទុមសាគរ គឺជាស្រុកមួយជាប់​សមុទ្រ ហើយងាយរងផលប៉ះពាល់ខ្លាំង​ទាក់ទីនករណីភ្លៀងខ្យល់កើតឡើងម្តងៗ៕ ដោយ៖ មិត្ត សម្លាញ់

អត្ថបទដែលជាប់ទាក់ទង