សមត្ថកិច្ចចាប់ខ្លួន ​​ស្នងការរងនគរបាលខេត្តកំពតម្នាក់ និងបក្ខពួក២នាក់ ករណីជួញដូរគ្រឿងញៀនជិត២គីឡូ

រាជធានីភ្នំពេញ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក៣ នៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យ​ជួញដូរគ្រឿងញៀន​​ចំនួន ០៣នាក់ និងវត្ថុតាងសារធាតុញៀនជិត ០២គីឡូក្រាម នៅម៉ោងប្រមាណ ០៩យប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចចំណតរថយន្តផ្សារ ខាលែនឌែល ម៉ល (បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង ០៣នាក់ មានឈ្មោះ កែវ ទិត្យមេសា ភេទប្រុស អាយុ ២១ឆ្នាំ- ឈ្មោះ អ៉ឹម ឈួន ភេទប្រុស អាយុ ៥១ឆ្នាំ និងឈ្មោះ ហុង គា ភេទប្រុស អាយុ ៦១ឆ្នាំ។ ហើយថា ក្នុងចំណោមជនសង្ស័យទាំង ០៣នាក់ខាងលើនេះ មានជនសង្ស័យម្នាក់ឈ្មោះ អ៉ឹម ឈួន មានតួនាទីជាស្នងការរងនគរបាលខេត្តកំពត (រូបអាវពណ៌ក្រហម)។

​សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជាក់ថា ការឈានដល់ចាប់ខ្លួនជនសង្ស័យទាំង​០៣នាក់ខាងលើនេះ ធ្វើឡើងតាមរយៈចុះអនុវត្តវិធានញុះញង់ ដោយដកហូតសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE)មានទម្ងន់ ១៧៣៨.៣៣ក្រាម ឬស្មើជិត ០២គីឡូ​ក្រាម។ ហើយបច្ចុប្បន្ន​ជនសង្ស័យទាំង ០៣នាក់ កំពុងត្រូវបានកម្លាំងជំនាញធ្វើការសាកសួរ និងឈានទៅ​កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង