ឧកញ៉ា ទៀ វិចិត្រ ​បញ្ជូនអូប័រ​​ទៅដឹកស្ត្រីពោះធំ​ឈឺ​ធ្លាក់ឈាមធ្ងន់ធ្ងរម្នាក់​ ពីកោះរ៉ុងមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ មិនមែនជាលើកទីមួយនោះទេ ​ដែល​លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន​គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បាន​ធ្វើសកម្មភាពមនុស្សធម៌ ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស ដោយគ្មានការរើសអើង ​ហើយមិនគិតថា ​ពេលយប់ ឬពេលថ្ងៃនោះទេ គឺលោកឧកញ៉ា តែងបានចំណាយពេលវេលា កម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ​អស់​ច្រើនសន្ធឹកសន្ធាប់ សម្រាប់ធ្វើការងារមនុស្សធម៌នេះ។ ហើយថា សកម្មភាពមនុស្សធម៌ របស់លោកឧកញ៉ា ទៀ វិចិត្រ គឺធ្វើឡើងតាមគ្រប់រូបភាព​ទាំងនៅលើដីគោក និងនៅលើ​លម្ហសមុទ្រជាដើម ដោយបានអនុវត្តជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ។ ជាក់ស្តែង កាលពីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ​២០២១នេះ លោកឧកញ៉ា ទៀ វិចិត្រ បានបន្ត​បញ្ជូនអូប័រ​ពេទ្យមានល្បឿនលឿន ០១គ្រឿង របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូត​ កម្ពុជា (G.T.V.C. Speed Boat Cambodia) ទៅទទួលទទួលយកស្រ្តីមានផ្ទៃពោះម្នាក់​​​ រស់នៅលើកោះរ៉ុង នៃក្រុងកោះរ៉ុង ​ដែលមានជំងឺធ្លាក់ឈាមធ្ងន់ធ្ងរ ដើម្បី​មកសង្គ្រោះបន្ទាន់​នៅមន្ទីរពេទ្យ​បង្អែកខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្ត្រីរងគ្រោះជាស្ត្រីមានផ្ទៃពោះ​ ដែលមានជំងឺ​ធ្ងន់ធ្ងរនេះ ​បណ្តាលមកពីកាលពីប៉ុន្មានសប្តាហ៍កន្លងមក​ ស្ត្រីរងគ្រោះរូបនេះ បាន​ដាច់ខ្សែរអង្រឹងពេលកំពុងជិះ ហើយធ្លាក់អុកគូទបុកដីធ្លាក់ឈាម ​ប៉ុន្តែពេលនោះរូបគាត់ មិនបានទៅពិនិត្យព្យបាលនៅមន្ទីរពេទ្យភ្លាមៗទេ ព្រោះ​មិនមានលទ្ធភាពធ្វើដំណើរ ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ជាពិសេសខ្វះមធ្យោបាយធ្វើដំណើរឆ្លងកាត់សមុទ្រ ហើយក៏បង្ខំចិត្ត​ទុកឲ្យជំងឺរបស់ខ្លួន អូសបន្លាយពេលព្យាបាល រហូតមកដល់ពេល​នេះ។

​លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ភ្លាមៗក្រោយរូបលោក បានទទួលព័ត៌មានខាងលើនេះ រូបលោក ក៏បានចាត់ឲ្យក្រុមការងារ នាំយកអូប័រពេទ្យល្បឿនលឿនមួយគ្រឿង ចេញទៅដឹក​ស្ត្រីរងគ្រោះ​​ខាងលើនេះ ដើម្បីមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ​ នៅព្រឹកថ្ងៃទី​០៨ ខែមេសានេះ។

​ស្រ្តីរងគ្រោះរូបនេះ មាន​ឈ្មោះ អុល ណន ភេទ​ស្រី អាយុ៤១ឆ្នាំ ហើយបច្ចុប្បន្នរស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ ​ដែលជាប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី ​​ផងនោះ បញ្ជាក់បន្ថែម​ថា អូប័រពេទ្យ​ក្រុមហ៊ុន G.T.V.C របស់លោក​ គឺបានបង្កើតឡើង ដើម្បីធ្វើកិច្ចការងារមនុស្សធម៌ ឬសម្រាប់​​ចេញជួយសង្គ្រោះប្រជាពលរដ្ឋ ឬភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ នៅពេលមានជំងឺ ឬជួបហេតុការណ៍ផ្សេងៗ នៅលើផ្ទៃសមុទ្រ និង នៅតាមបណ្តាលកោះនានាៗ ក្នុងមូលដ្ឋានខេត្តព្រះសីហនុ ដើម្បីដឹក​មក​សង្ក្រោះ​​បន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ធ្វើយ៉ាងណាជួយសង្គ្រោះ​អ្នកជំងឺឲ្យ បានទាន់ពេលតាមដែលអាចធ្វើទៅបាន..។

សកម្មភាពមនុស្សធម៌ស្រដៀងគ្នានេះដែរ គឺ​កាលពីយប់ជិតកណ្តាលអាធ្រាត្រថ្ងៃទី០៥ ខែមេសាថ្មីៗនេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រល្បឿនលឿន​០១គ្រឿង របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី​ ឲ្យទៅទទួលយកស្ត្រីរង​គ្រោះម្នាក់ ដែលត្រូវពស់វែកចឹករងរបួសធ្ងន់នៅលើកោះរ៉ុង ហើយគ្មានលទ្ធភាពរកមធ្យោបាយដឹកជញ្ជូនមកសង្គ្រោះនៅលើដីគោក។ ប៉ុន្តែក្រោយទទួលបានដំណឹងនេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រទាំងយប់ ឲ្យទៅដឹកស្ត្រីរងគ្រោះរូបនេះទាំង​យប់ ដើម្បីមកសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានទាន់ពេលវេលា។

បុគ្គលិកក្រុមហ៊ុន G.T.V.C បានឲ្យដឹងថា ស្ត្រីរងគ្រោះបណ្តាលមកពីពស់វែកចឹក នៅលើកោះរ៉ុងខាងលើនេះ មាន ឈ្មោះ សុខ ច្រឹម ភេទ​ស្រីអាយុ ៥៦ឆ្នាំ មានប្តី​ ឈ្មោះ​ អ៊ូ ពុធ អាស័យដ្ឋានបច្ចុប្បន្ន រស់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ស្ត្រីរងគ្រោះរូបនេះ ត្រូវបានដឹកតាមអូប័រល្បឿនលឿន របស់ក្រុមហ៊ុន G.T.V.C ទាំងយប់ ចេញ​ពីភូមិកោះរ៉ុងសន្លឹម ឆ្ពោះមកខេត្តព្រះសីហនុ​ ​ហើយបន្តដឹក​តាមរថយន្តពេទ្យ ទៅសង្គ្រោះបានទាន់ពេលវេលា នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុផងដែរ៕ ដោយ៖ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង