តុលាការដោះលែងនគរបាលម្នាក់ ដែលបាញ់សម្លាប់ជនបែកថ្នាំកាន់កាំបិតដេញចាក់ខ្លួន ឲ្យមានសេរីភាពវិញ

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ស្តីពីការដោះលែងមន្ដ្រីនគរបាលមួយរូប ឈ្មោះ ភឿន ភិរៈ ឲ្យមានសេរីភាពឡើងវិញ ក្រោយសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅតុលាការ លើសំណុំរឿងពាក់ព័ន្ធការផ្ទុះអាវុធ នៅយប់ថ្ងៃទី០៦ ខែមេសា បណ្ដាលឲ្យជនញៀនថ្នាំម្នាក់ស្លាប់ ដើម្បីការពារខ្លួន។

សេចក្តីប្រកាសព័ត៌មាន របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផ្សាព្វផ្សាយនៅល្ងាចថ្ងៃទី០៨ ខែមេសានេះ បញ្ជាក់ថា កាលពីព្រឹកថ្ងៃនេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលសំណុំរឿងពីមន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធឈ្មោះ ភឿង ភិរៈ បានបាញ់ទៅលើឈ្មោះ អ៊ូ សុផារ៉ាត់ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ នៅចំណុចខាងមុខធនាគារ ABA តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។

ក្រោយបានសាកសួរលើឈ្មោះ សឿង ភិរៈ និងបានពិនិត្យភស្តុតាងជាវីដេអូ និងឯកសារពាក់ព័ន្ធនានាក្នុងសំណុំរឿង ព្រះរាជអាជ្ញា ក៏បានដោះលែងឈ្មោះភឿង ភិរៈ ឲ្យមានសេរីភាពវិញ ហើយបន្តការបើកការស៊ើបអង្កេតលើករណីនេះ ជាបន្តទៀត។

មន្ដ្រីនគរបាល ដែលបានបាញ់ជនបែកថ្នាំម្នាក់ ដើម្បីការពារខ្លួន ពីការប៉ុនប៉ងចាក់ប្រហារលើសំណុំរឿងខាងលើនេះ មានឈ្មោះ ភឿន ភិរៈ អាយុ៣៦ឆ្នាំ ជាបម្រើការងារនៅអង្គភាពតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ុន្ដែដោយសារពេលយប់ទំនេរទើប ទៅបម្រើការងារជាសន្ដិសុខយាមនៅធនាគារ ABA ជាកន្លែងកើតហេតុផ្ទុះអាវុធ កាលពីយប់ថ្ងៃទី០៦ ខែមេសា។

បច្ចុប្បន្នមន្ត្រីនគរបាលរូបនេះ ស្នាក់នៅផ្ទះលេខ៥៧E1 ផ្លូវ១១៨ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ហើយថា នៅយប់កើតហេតុ រូបគាត់ បានប្រើអាវុធខ្លីបាញ់ដើម្បីការពារខ្លូន ទៅលើឈ្មោះ អ៊ូ សុផារ៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលលេខ១០៤ ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (សមត្ថកិច្ចពិនិត្យមានសារធាតុញៀនមេតំហ្វេតាមីន) បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

យោងតាម វីដេអូឃ្លី ដែលទទួលបានពី កាមេរ៉ាសុវត្ថិភាព ហើយត្រូវគេចែកចាយតាមបណ្តាញសង្គម បង្ហាញថា ដើមហេតុបណ្តាលឱ្យកើតមានហេតុការណ៍ខាងលើនេះ ពីដំបូងឡើយ មានក្មេងទំនើង០២នាក់ ដេញវាយតប់គ្នានៅតាមផ្លូវ ហើយក្មេងទំនើងម្នាក់ ដែលត្រូវគេដេញវាយ បានរត់ទៅឲ្យសន្ដិសុខយាមធនាគារ ABA (ម្នាក់ជានគរបាលខាងលើ) នៅក្បែរនោះ ដើម្បីជួយអន្ដរាគមន៍។ ប៉ុន្តែពេលនោះជនបង្ក ក៏បានខឹងសម្បាយ៉ាងខ្លាំងទៅលើ មន្ដ្រីនគរបាលដែលយាម នៅធនាគារ ABA រូបនោះ រួចក៏ប្រើប្រាស់ហិង្សាទៅលើមន្ត្រីនគរបាលខាងលើតែម្ដង។

តាមសកម្មភាពបង្ហាញនៅក្នុងវីដេអូឃ្លីបនោះ មន្ដ្រីនគរបាលខាងលើ មិនបានវាយតបត ទៅជនបង្កនោះទេ គឺមានតែដើរគេចចេញពីជនទំនើងរូបនោះតែប៉ុណ្ណោះ។ ហើយក្រោយមក ជនបង្កក៏បានរត់ទៅយកកាំបិត ដែលគេលាក់ទុកនៅក្បែរកន្លែងកើតហេតុនោះ មកដេញចាក់មន្ដ្រីនគរបាលរូបនេះ ទោះបីមន្ដ្រីនគរបាលខាងលើ បានដកកាំភ្លើង ដើម្បីគំរាមក្តី ក៏ជនបង្ករូបនេះ មិនញញើតដែរ។

ទំនងជាដោយឃើញស្ថានភាពក្មេងទំនើងកាន់តែមានកំហឹងខ្លាំង ទើបមន្ដ្រីនគរបាលរូបនោះ បានបាញ់ចំនួន ០៣គ្រាប់ ដើម្បីគំរាមជនបង្ក និងការពារខ្លួន ពីការដេញចាក់ប្រហារ របស់ជនទំនើងរូបនោះ។

យ៉ាងណាក៏ដោយចុះ មន្ដ្រីនគរបាលក្នុងសំណុំរឿងផ្ទុះអាវុធ បណ្តាលឲ្យយុវជនញៀនថ្នាំម្នាក់ស្លាប់ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញហើយ នៅល្ងាចថ្ងៃនេះ។ ហើយក៏ទទួលបានការគាំទ្រពីសាធារណៈជន យ៉ាងផុលផុស ដោយពួកគេចាត់ទុក ការបាញ់សម្លាប់ បុរសញៀនថ្នាំខាងលើនេះ ថាដើម្បីការពារខ្លួនពីការចាក់ប្រហារ របស់ជនបង្ក ដោយគ្មានចេតនាបាញ់ដើម្បីសម្លាប់នោះទេ ព្រោះតាំងពីកើតហេតុដំបូង មន្ដ្រីនគរបាលនោះមិនបានវាយតបត ទៅជនបង្កនោះទេ៕

អត្ថបទដែលជាប់ទាក់ទង