ពលរដ្ឋ​រស់ឃុំរកា ចោទអាជ្ញាធរមូលដ្ឋានស្រុកពារាំង ​ឃុបឃិតលក់ដីព្រៃលិចទឹកឬប្រភពទឹក ដែលពួកគាត់ប្រើប្រាស់រាល់ឆ្នាំទៅឲ្យឈ្មួញស្ងាត់ៗ

ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋចំនួន ២៤១គ្រួសារ រស់នៅស្រុកពារាំង ខេត្តព្រៃវែង បានចោទអាជ្ញាធរភូមិ-ឃុំ-ស្រុក ថាបានឃុបឃិតជាមួយឈ្មួញដី ឬឧកញ៉ាមានទ្រព្យ លួចបន្លំធ្វើឯកសារក្លែងក្លាយ លួចលក់បរិវេណដីព្រៃលិច ដែលជាជម្រកត្រីពងកូន និងជាប្រភពទឹក ឬមេទឹក ដែលពលរដ្ឋរស់នៅមូលដ្ឋាននេះ ប្រើប្រាស់បង្កបង្កើនផលគ្រប់ជំនាន់ ទៅឲ្យឈ្មួញដោយស្ងាត់ៗ ហើយគ្មានប្រជាពលរដ្ឋដឹងឮជាមុនទេ។

ករណីនេះ ក្រុមប្រជាពលរដ្ឋ សំណូមពរដល់ សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ជួយមានវិធានការទប់ស្កាត់ និងបញ្ជូនមន្ត្រីចុះស៊ើបអង្កេតទៅលើការអនុវត្តការងារ របស់មន្ត្រីមូលដ្ឋានស្រុកពារាំង ថាតើមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយពីការលួចលក់ដីព្រៃលិចទឹក និងប្រភពមេទឹក​ខាងលើនេះ ដែរឬយ៉ាងណា?

យោងតាមពាក្យបណ្តឹង របស់ប្រជាពលរដ្ឋរស់នៅភូមិត្រកៀត ឃុំរកា ដែលបានផ្តិតស្នាមមេដៃសុំទាមទាររក្សាដីមេទឹក វាលស្រែភ្ជាប់ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ដែលគេហទំព័រ “កម្ពុជាថ្ងៃនេះ” ទើបទទួលបាននៅថ្ងៃសៅរ៍ ទី​១០ ខែមេសា ដាក់ជូនលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីស្នើជួយអន្តរាគមន៍ទប់ស្កាត់សកម្មភាព របស់ក្រុមហ៊ុន ឬឈ្មួញ បានប្រើគ្រឿងចក្រជាច្រើនគ្រឿង មកឈូសឆាយដីព្រៃលិចទឹក និងធ្វើរបងហ៊ុមព័ទ្ធ រំលោភយកដីសាធារណៈ របស់រដ្ឋ ដែលពលរដ្ឋកំពុងប្រើប្រាស់ខាងលើនេះ ឲ្យគង់វង្ស និងទាន់ពេលវេលា។ ក្រុមប្រជាពលរដ្ឋ អះអាងថា ករណីខាងលើនេះ ពួកគាត់ក៏ធ្លាប់បានដាក់បណ្តឹងតវ៉ា ទៅកាន់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-ស្រុក ជាបន្តបន្ទាប់រួចហើយ ប៉ុន្តែមន្ត្រីទាំងនោះមិនជួយឈឺឆ្អាលនឹងកង្វល់ពួកគាត់ទេ។ ហើយផ្ទុយទៅវិញ ថែមទាំងបានប្រើកម្លាំងកងរាជអាវុធហត្ថស្រុកពារាំង មកកោះហៅតំណាងប្រជាពលរដ្ឋ ដែលចេញមុខតវ៉ាទៅសួរនាំលើបញ្ហាផ្សេងៗថែមទៀតផង។ ជាងនេះទៀត ទាំងអាជ្ញាធរភូមិ-ឃុំ ជាពិសេស លោក ហ៊ី ធួក អភិបាលស្រុកពារាំង ហាក់មានចេតនាគាំទ្រសកម្មភាព របស់ភាគីក្រុមហ៊ុន ឬឧកញ៉ាមានទ្រព្យទាំងនោះ ឲ្យមកបំផ្លាញធនធានធម្មជាតិ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ យ៉ាងអនាធិបតេយ្យទៅវិញ។

ផ្តើមពីបញ្ហានេះ ក្រុមប្រជាពលរដ្ឋរាប់រយគ្រួសារ បានសំណូមពរដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយមានវិធានការទប់ស្កាត់ និងបញ្ជូនមន្ត្រីចុះសើបអង្កេត ទៅលើសកម្មភាពជីកប្រឡាយហ៊ុមព័ទ្ធព្រៃលិចទឹក និងការឈូសឆាយបំផ្លាញប្រភពមេទឹក ដែលជាជម្រកត្រីពងកូន និងជាប្រភពទឹកដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ស្រោចស្រប់ ផលដំណាំ​កសិកម្មក្នុងមូលដ្ឋានឃុំរកា ស្រុកពារាំង ឲ្យបានឆាប់។ ត្បិតពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន ឬបុគ្គលជាឈ្មួញដី ដែលពួកគាត់មិនស្គាល់ឈ្មោះ បាននាំយកគ្រឿងចក្រជាច្រើនគ្រឿង មកឈូសបំផ្លាញដីព្រៃលិចទឹក និងបំផ្លាញប្រភពទឹក រំលោភធ្វើកម្មសិទ្ធិយ៉ាងអនាធិបតេយ្យ។

បន្ថែមលើនេះ ក្រុមប្រជាពលរដ្ឋរាប់រយគ្រួសារ រស់នៅឃុំរកា បានសំណូមពរដល់ សម្តេចតេជោ ហ៊ុន សែន ជួយបញ្ជូនមន្ត្រីស្អាតស្អំ ឲ្យចុះស៊ើបអង្កេតទៅលើសកម្មភាព របស់លោកមេភូមិត្រកៀត លោកមេឃុំរកា និងលោកអភិបាលស្រុកពារាំង ព្រមទាំងមន្ត្រីពាក់ព័ន្ធដទៃទៀត ថាតើមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ជាមួយឈ្មួញដី ឬឧកញ៉ាមានទ្រព្យ ឃុបឃិតក្លែងបន្លំយកឈ្មោះ ប្រជាពលរដ្ឋពួកគាត់ ដាក់នៅលើឯកសារទិញលក់ដី ហើយចោទពួកគាត់ថា បានលក់ដីព្រៃលិចទឹក ឬដីមេទឹក ដែលពលរដ្ឋកំពុងប្រើប្រាស់នោះ ទៅឲ្យឈ្មួញដី ទាំងពួកគាត់មិនបានដឹងខ្លួនអ្វីទាំងអស់។

ត្រង់ចំណុចនេះ ក្រុមប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ករណីឃុបឃិតក្លែងឯកសារ លួចលក់ដីសាធារណៈរបស់រដ្ឋ របស់អាជ្ញាធរពាក់ព័ន្ធមួយចំនួន នាមូលដ្ឋានឃុំរកាខាងលើនេះ ទំនងជាបុគ្គលជាថ្នាក់ដឹកនាំខ្លះ បានទទួលសំណូកពុករលួយ ពីឈ្មួញដី ឬឧកញ៉ាមានទ្រព្យទាំងនោះ ទើបពួកមន្ត្រីទាំងនោះ មិនរវល់អើពើទប់ស្កាត់ការបំផ្លាញធនធានព្រៃលិចទឹក និងប្រភពទឹកនៅក្នុងមូលដ្ឋនឃុំរកា ស្រុកពារាំងនេះ ដោយទុកឲ្យឈ្មួញធ្វើសកម្មភាពតាមអំពើចិត្ត។ ពលរដ្ឋបន្តថា ភាពមិនប្រក្រតីទាំងនេះ ប្រជាពលរដ្ឋពួកគាត់ ក៏ធ្លាប់បានប្រមូលផ្តុំគ្នាតវ៉ាដល់មុខសាលាឃុំ និងស្រុកពារាំង ហើយថែមទាំងបានដាក់ពាក្យបណ្តឹងសុំកិច្ចអន្តាគមន៍ ជាបន្តបន្ទាប់នាពេលកន្លងមក ប៉ុន្តែមិនត្រូវបានថ្នាក់ដឹកនាំទាំងនោះ ចេញមុខជួយអន្តរាគមន៍ទេ។ ហើយផ្ទុយទៅវិញ បែរជាបកមកគម្រាមកំប្រជាពលរដ្ឋទាំងឡាយណា ដែលហ៊ានចេញមុខតវ៉ាទាមទាររក្សាដីព្រៃលិចទឹក និងប្រភពទឹកនៅមូលដ្ឋានឃុំរកា ស្រុកពារាំង ខេត្តព្រៃវែងនេះទៅវិញ។

យ៉ាងណាក៏ដោយចុះ ប្រជាពលរដ្ឋរាប់រយគ្រួសារ រស់នៅឃុំរកា បានសំណូមពរយ៉ាងទទូចដល់ លោក ជា សុមេធិ អភិបាលខេត្តព្រៃវែង និង លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយអន្តរាគមន៍ទប់ស្កាត់សកម្មភាព របស់ឈ្មួញដី ឬឧកញ៉ាមានទ្រព្យ ដែលកំពុងបំផ្លាញព្រៃលិចទឹក និងជាប្រភពទឹក សម្រាប់ប្រជាពលរដ្ឋបង្កបង្កើនផលតាំងពីដូនតា បន្តរហូតមកដល់បច្ចុប្បន្ននេះ ឲ្យបានគង់វង្ស និងឲ្យបានទាន់ពេលវេលា។ ព្រោះរាល់ថ្ងៃនេះ មានគ្រឿងចក្ររបស់ឈ្មួញជាច្រើនគ្រឿង កំពុងធ្វើសកម្មភាពឈូសឆាយបំផ្លាញព្រៃលិចទឹក និងប្រភពទឹកក្នុងមូលដ្ឋានឃុំរកា ស្រុកពារាំង យ៉ាងអនាធិបតេយ្យ ហើយអាជ្ញាធរមូលដ្ឋានេះ ហាក់មិនបានរវល់អើពើជួយទប់ស្កាត់តាមសំណូមពរពលរដ្ឋទេ។

យ៉ាងនេះក្តី គេហទំព័រ “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចមានប្រភពទាក់ទង លោក ហ៊ី ធួក អភិបាលស្រុកពារាំង ដើម្បីបំភ្លឺជុំវិញកង្វល់ របស់ប្រជាពលរដ្ឋរាប់រយគ្រួសារ រស់នៅឃុំរកា បាននៅឡើយទេ នៅថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១នេះ។ ខណៈ លោក ជា សុមេធិ អភិបាលខេត្តព្រៃវែង ក៏មិនទាន់អាចទាក់ទង ដើម្បីបំភ្លឺបាននៅឡើយដែរ។

ទោះជាបែបនេះក្តី យោងតាមសំណើរ របស់ឈ្មោះ អ៊ុក រដ្ឋា ដោយមានហត្ថលេខាឯកភាពពី លោកមេភូមិត្រកៀត និងមេភូមិរកា ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ដោយមានចំណារទទួលស្គាល់លិខិតលក់ទិញ ចេញដោយលោកមេឃុំរកា និងភ្ជាប់ដោយគំនូសបង្ហាញទីតាំងដីមានផ្ទៃដីទំហំជាង ២រយហិកតារ ឬ(២,០៩៩,២៥០ម៉ែត្រការ៉េ)។ លោក អ៊ុក រដ្ឋា បានស្នើសុំហ៊ុមព័ទ្ធព្រំដី- ឈូសឆាយដីព្រៃលិចទឹក- ជីកក្រវ៉ាត់ដីកម្មសិទ្ធិ និងស្តារប្រឡាយបុកមេទឹក ទុកសម្រាប់បម្រើដល់ការបង្កបង្កើនផលក្នុងមូលដ្ឋាននេះ ដើម្បីកំណត់ទីតាំងដីកម្មសិទ្ធិ របស់ខ្លួន ឲ្យបានច្បាស់លាស់ ទុកសម្រាប់បង្កបង្កើនផលនៅថ្ងៃខាងមុខ។

យ៉ាងណាក៏ដោយចុះ ប្រជាពលរដ្ឋចំនួន ២៤១នាក់ រស់នៅភូមិត្រកៀត ឃុំរកា ​ស្រុកពារាំង ខេត្តព្រៃវែង បានចោទក្រុមហ៊ុន ឬបុគ្គលឈ្មោះ អ៊ុក រដ្ឋា ថាទំនងជាបានឃុបឃិតជាមួយមន្ត្រីជាថ្នាក់ដឹកនាំភូមិ-ឃុំ និងអភិបាលស្រុកពារាំងជាដើម ក្លែងឯកសារយកឈ្មោះ របស់ប្រជាពលរដ្ឋ ដែលពលរដ្ឋខ្លះ បានស្លាប់បាត់បង់ជីវិត និងខ្លះទៀតមានវ័យជរាណាស់ទៅហើយនោះ ទៅបន្លំលើឯកសារ ទិញលក់ដីព្រៃលិចទឹក ឬប្រភពមេទឹក នៅមូលដ្ឋាននេះ ទាំងម្ចាស់ខ្លួន ឬពលរដ្ឋមួយចំនួននោះ មិនបានដឹងខ្លួនសោះ។

ចំពោះបញ្ហានេះ ក្រុមប្រជាពលរដ្ឋរស់នៅស្រុកពារាំង ខេត្តព្រៃវែង បានសំណូមពរដល់ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី ជួយមានវិធានការទប់ស្កាត់ រាល់សកម្មភាពប្រើគ្រឿងចក្រ បំផ្លាញព្រៃលិចទឹក ដែលជាជម្រកត្រីបន្តពូជ ជាពិសេសជាប្រភពទឹក ពីសំណាក់ឈ្មួញ ឬឧកញ៉ាមានទ្រព្យ ដែលកំពុងធ្វើសកម្មភាពរាល់ថ្ងៃនេះ ជួយរក្សាការពារឲ្យបានគង់វង្ស និងរក្សាឲ្យនៅសភាពដើមវិញ។ ដោយហេតុថា ធនធានខាងលើនេះ ក្រៅពីជាប្រភពទឹកដ៏សំខាន់ សម្រាប់បម្រើដល់ការបង្កើនផលកសិកម្ម របស់ប្រជាពលរដ្ឋ ជារៀងរាល់ឆ្នាំ ព្រៃលិចទឹក និងប្រភពមេទឹកខាងលើនេះ ក៏បានផ្តល់នូវការធ្វើរបរនេសាទត្រី ដើម្បីចិញ្ចឹមជីវិតជាលក្ខណៈគ្រួសារ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង