​កងរាជអាវុធហត្ថខេត្ត​ព្រះវិហារ ត្រៀមបញ្ជូនអ្នកញៀនល្បែង​១០នាក់ ទៅតុលាការផ្តន្ទាទោស ព្រោះល្មើសបំរាមទប់ស្កាត់ជំងឺកូវីដ-១៩

ខេត្តព្រះវិហារ៖ ​នៅថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១នេះ លោកវុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ចុះឆ្មក់បង្ក្រាបទៅលើទីតាំងក្រុមអ្នកញៀនល្បែងតាមអនឡាញ ប្រភេទល្បែងជល់មាន់- ល្បែងប្រដាល់ និងល្បែងសុីសងផ្សេងៗទៀត ០១កន្លែង ស្ថិតនៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដោយឃាត់ខ្លួនក្រុមអ្នកញៀនល្បែង និងយានជំនិះជាច្រើនគ្រឿង។

​ចប្រតិបតិ្តការខាងលើនេះ លោក វុធ សាវី ​បានឲ្យដឹងថា ​​ជាលទ្ធផលកំលាំងសមត្ថកិច្ច​ បានឃាត់ខ្លួនក្រុមអ្នកញៀនល្បែង​ចំនួន ១០នាក់ និងរឹបអូសម៉ូតូ​ចំនួន៣០គ្រឿង- រថយន្តចំនួន ០៣គ្រឿង នឹងទូរទស្សន៏ចំនួន ០២គ្រឿង រួមនឹងសម្ភារៈ ដែលពាក់ពន្វ័ទៅនឹងល្បែងភ្នាល់ខាងលើនេះ បានមួយចំនួនទៀត។

លោកព្រះរាជអាជ្ញារង បញ្ជាក់​ថា នៅពេលកម្លាំងសមត្ថកិច្ច បានចុះទៅដល់ទីតាំងខាងលើ មនុស្សប្រមាណ​ ៥០នាក់​បានរត់គេចខ្លួនបាត់ដោយបន្សល់ទុកតែស្បែកជើងទុក្ខជាភស្តុតាង។

​លោកបន្តថា ដោយសារតែការញៀនល្បែងទាំងអស់នេះ ទើបធ្វើឲ្យពួកគាត់ទាំងនោះ មិនគោរព​តាម​ការណែនាំ របស់ប្រមុខ នៃរាជរដ្ឋាភិបាល ​ជាពិសេសសារាចរណ៏ណែនាំ របស់ក្រសួងសុខាភិបាល ​ប្រកាស​ថា មិនត្រូវឲ្យ​មានកាប្រមូលផ្តុំគ្នា មានមនុស្សច្រើននោះទេ។ ប៉ុន្តែក្រុមអ្នកញៀនល្បែងស៊ីសងខាងលើនេះ ពួកគាត់​ហាក់បានផ្គើន​ទៅប្រសាសន៍ណែនាំ របស់រាជរដ្ឋាភិបាលទៅវិញ។

​លោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាំង ដែលសមត្ថកិច្ច​រឹបអូសទាំងប៉ុន្មាន ​ត្រូវកម្លាំង​កងរាជអាវុធហត្ថខេត្តព្រះវិហារ កំពុងសួរនាំ​ ដើម្បីឈានទៅកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារ ចាត់កាបន្តរតាមនីតិពិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង