សមត្ថកិច្ចខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្ស័យ”អារក” ស្ត្រីវ័យក្មេងម្នាក់

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ឃាតកម្មគិតទុកជាមុន កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០១ និង៣០នាទីរំលងអាធ្រាត្រ ស្ថិតក្នុងគ្រលុកមួយកន្លែង នៅបណ្តោយផ្លូវសែនជ័យ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះមានឈ្មោះ យឹង សៅ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអនាម័យ ស្រុកកំណើត ភូមិត្រពាំងគគីរ ភូមិល្បើក ស្រុកឈូក ខេត្តកំពត មានទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ដោយឡែកជនសង្ស័យមានឈ្មោះ កែវ ថុល ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្រុកកំណើត ភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត មានទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

តាមចម្លើយសារភាព របស់ជនសង្ស័យ បានឲ្យដឹងថា ខ្លួនបានរួមរស់ជាមួយជនរងគ្រោះ រយៈពេល ០២ឆ្នាំហើយ ដោយមិនបានរៀបការទេ។ ហើយមូលហេតុឈានដល់ការសម្លាប់ជនរងគ្រោះ ខាងលើនេះ ដោយសារខ្លួន និងជនរងគ្រោះ តែងមានជម្លោះជាមួយគ្នាសឹងរាល់ថ្ងៃ ហើយជនរងគ្រោះប្រើពាក្យសម្តីជេរប្រមាថតិះដៀលមកលើខ្លួន។

ជនសង្ស័យបន្តថា រហូតដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ២២:០០នាទីយប់ ខ្លួនបានបបួលជនរងគ្រោះផឹកស៊ី រហូតដល់វេលាម៉ោង ០១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ខ្លួនបានដឹកជនរងគ្រោះទៅដេកនៅផ្ទះសំណាក់។ ខណៈនោះជនរងគ្រោះ បានប្រើសម្តីថា មុខហ្អែងគ្មានប្រាក់នាំយើងដេកផ្ទះសំណាក់ទេ មានតែដេកក្នុងព្រៃ។ ពេលនោះជនសង្ស័យ បានជិះម៉ូតូចូលទៅកន្លែងកើតហេតុខាងលើ ដោយទ្រាំនឹងសម្តីជនរងគ្រោះមិនបាន ខ្លួនបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ ដោយប្រើឧបករណ៍សាកថ្ម វាយក្បាល, វាយភ្នែក , វាយមាត់, យកដៃច្របាច់ក បណ្តាលឲ្យសន្លប់ ហើយយកផ្លែឡាម អារករហូតដល់ជនរងគ្រោះដាច់ខ្យល់ស្លាប់ នៅនឹងកន្លែងកើតហេតុ រួចទើបរត់គេចខ្លួន។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីព្រឹក នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលពត៌មានពីប្រជាពលរដ្ឋថា ប្រទះឃើញស្រ្តីជនជាតិខ្មែរម្នាក់ ដេកស្លាប់នៅទីតាំងកើតហេតុខាងលើ សមត្ថកិច្ចបានចុះត្រួតពិនិត្យទៅលើជនរងគ្រោះ និងបន្តការស្រាវជ្រាវរហូតដល់ម៉ោង១៥ និង៣០នាទី ថ្ងៃដែល សមត្ថកិច្ចបានរកឃើញ វិទ្យុទាក់ទងមួយគ្រឿង ម៉ាក MOTOROLA នៅក្នុងគ្រលុកថ្ម ក្បែរកន្លែងកើតហេតុ ទើបអាចកំណត់មុខសញ្ញាជនសង្ស័យបាន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនិតិវិធី បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង