អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនអ្នកផ្ដល់សេវាកម្មដឹកជញ្ជូន

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមើលសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ជាអ្នកប្រកបមុខរបររត់តាក់ស៊ី រត់ម៉ូតូឌុប រត់ម៉ូតូកង់បី និងអ្នកផ្ដល់សេវាកម្មដឹកជញ្ជូនភ្ញៀវផ្សេងទៀត នៅសាលាបឋមសិក្សា-អនុវិទ្យាល័យតេជោសែនកម្មករ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងារប្រចាំការ នៅទីតាំងចាក់វ៉ាក់សាំង ត្រូវរៀបចំសណ្ដាប់បានល្អ សម្រួលដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបានលឿន ដើម្បីការពារការចម្លងគ្នាទៅវិញទៅមក សូមរក្សាគម្លាតឱ្យបាន ១,៥០ម៉ែត្រ និងចូលរួមអនុវត្តវិធានការណ៍ របស់ក្រសួងសុខាភិបាល ពិសេសគោលការណ៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣កុំ និង៣ការពារ ទើបយើងជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង