​កាកបាទក្រហម​ខេត្តព្រះសីហនុ បន្តនាំយកជំនួយចែកជូនពលរដ្ឋរស់នៅភូមិ៣ ១៦១គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក

ខេត្តព្រះសីហនុ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកជំនួយមនុស្សធម៌របស់សាខាខេត្តព្រះសីហនុ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០​កុម្ភៈ ​ចំនួន១៦១គ្រួសារ រស់នៅ​ក្រុមទី១៤(វត្តលើ) និងក្រុមទី១០-ទី២១ (ទំនប់រលក) ស្ថិតក្នុងភូមិ​៣​ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​។

ជំនួយនេះ បានផ្តល់ជូន​កាលពីព្រឹកទី១១ ខែមេសា ឆ្នាំ២០២១ ដោយមានការចូលរួមពី លោក គាំ សុខុម នាយកសាលា-មន្រ្តីសាខា និងមន្ត្រីអនុសាខា​អ្នកស្ម័គ្រចិត្តជាច្រើនរូបទៀត។

ទន្ទឹមនឹងនោះ លោកនាយកសាខា បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមពីវិធីកាត់បន្ថយហានិភ័យ​ពីការឆ្លង​ជំងឺ​កូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លង ក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរ​ទម្លាប់អនាម័យ​​ពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្ត​ជានិច្ចយក​ចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់​ម៉ាស់ ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា។

​ជំនួយ​ដែលត្រូវផ្តល់ជូនពលរដ្ឋចំនួន ៧៥គ្រួសារ រស់នៅក្រុមទី១៤ (វត្តលើ) ភូមិ៣ គឺជាការផ្តល់ជូនលើកទី២ របស់សាខាកាកបាតក្រហមកម្ពុជាខេត្តព្រះសីហនុ​ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ប្រេងឆា ១ដប, ម៉ាស ១កញ្ចប់ និងថវិកា ១០ម៉ឺនរៀល។

ដោយឡែក នៅរសៀលថ្ងៃទី​១១ ខែមេសាដដែលនេះ មានប្រជាពលរដ្ឋចំនួន ៨៦គ្រួសារទៀត រស់នៅក្រុមទី​១០ និងក្រុមទី​២១ ភូមិ៣ ​​(ទំនប់រលក) ក៏បាន​ទទួលជំនួយមនុស្សធម៌ពី សាខាខេត្តព្រះសីហនុ និងជំនួយ របស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងមួយគ្រួសារទទួលបាន៖ កន្ទេល០១, សារ៉ុង០១, ម៉ុង០១, ភួយ០១, ក្រម៉ា០១, ខ្នើយ០១, អង្ករ ៣០​គីឡូ​ក្រាម​, មីសួរ០១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ០១យួរ, ប្រេងឆា ០១ដប, ម៉ាស ០១កញ្ចប់ និងថវិកា ១០ម៉ឺនរៀល ៕ ដោយ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង