សម្តេចតេជោ ហ៊ុន សែន ​ថ្លែងសារពិសេសទាក់ទង នឹងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃសៅរ៍ ​ទី១០ ខែមេសា ឆ្នាំ២០២១​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសទាក់ទង នឹងស្ថានភាពជំងឺ​កូវីដ​-១៩ នៅកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី ​មានប្រសាសន៍ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ពេលនេះ គ្មានការថមថយទេ ប៉ុន្តែបែរជាកាន់តែធ្ងន់លើសមុន បើទោះបីជាយើងមានវិធានការឆ្លើយតបយ៉ាងតឹងរឹងក្តី ក៏ប៉ុន្តែដោយសារជំងឺនេះ មកដល់លឿនពេក ដែលហៅថា ជំងឺបំប្លែងភេទ ហើយនឹងការអភិបាលកិច្ច នៅតំបន់មួយចំនួនមិនត្រឹមត្រូវនោះ គឺបាននាំមកនូវបច្ច័យដ៏អាក្រក់ ដែលធ្វើឲ្យចំនួនកើនឡើង។

សម្តេចតេជោ ​មានប្រសាសន៍បន្តថា ក្នុងរយៈពេលជាង០១ឆ្នាំ គឺឆ្នាំ២០២០ យើង មានអ្នកជំងឺកូវីដ-១៩ ត្រឹមតែ ៥០០នាក់ទេ ក៏ប៉ុន្តែមកដល់ថ្ងៃនេះ ចំនួនអ្នកជំងឺរបស់យើង មានរហូតដល់ជាង ៤០០០នាក់។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែង​រំលែកទុក្ខ ចំពោះគ្រួសារអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ដែលមកដល់ពេលនេះមានចំនួន ២៤នាក់ហើយៗ ក៏បានផ្តាំសាកសួរសុខទុក្ខ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលជំងឺ និងបងប្អូនដែលកំពុងជាប់ធ្វើចត្តាឡីស័កផងដែរ។

ព្រមជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញវិធានការជួយដល់​គ្រួសារដែលស្លាប់, ឆ្លង និងរងផលប៉ះពាល់ដោយកូវីដ-១៩ ដោយមានការឧបត្ថម្ភ និងជួយចេញថ្លៃទឹក ថ្លៃភ្លើងជាដើម ក្នុងនោះ ចំពោះប្រជាពលរដ្ឋដែលស្លាប់ ឆ្លង និងប៉ះពាល់ដោយជំងឺកូវីដ-១៩ ទទួលបានជំនួយពីរាជរដ្ឋាភិបាល ដូចជា៖

១- ចំពោះគ្រួសារ ដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ-១៩ រដ្ឋនឹងជួយបង់ជំនួស នូវការប្រើប្រាស់ទឹកស្អាត និងថ្លៃអគ្គិសនីអប្បបរមារយៈពេល ០៥ខែបន្ថែម លើការអន្តរាគមន៍ជួយ ដែលដាក់ចេញកន្លងមក

២- ចំពោះផ្ទះណាដែលសមាជិក ដែលឆ្លងកូវីដ-១៩ ប៉ុន្តែអត់មានមនុស្សស្លាប់ រដ្ឋនឹងជួយចេញថ្លៃទឹកថ្លៃភ្លើង អប្បបរមា រយៈពេល ០៣ខែ ដោយរាប់ចាប់តាំងពីជននោះឆ្លងជំងឺកូវីដ-១៩។

៣- គ្រួសារដែលធ្វើចត្តាឡីស័ក នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនរៀល ក្នុង ០១គ្រួសារ និងជួយបង់ទឹកភ្លើង ក្នុងកម្រិតសមរម្យមួយរយៈពេល ០២ខែ។

៤- អ្នកដែលប៉ះពាល់នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ ៣០ម៉ឺនរៀល ក្នុង១គ្រួសារ ហើយជួយបង់ថ្លៃទឹកភ្លើងចំនួន ០២ខែ

៥- ផ្តល់អង្ករដល់គ្រួសារ ដែលប៉ះពាល់ នៅតំបន់បិទខ្ទប់នូវអង្ករ ២៥គីឡូ មីមួយកេសតូច និងត្រីខ ២០កំប៉ុង​។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ដូច្នេះ រួមបញ្ជាក់បន្តទៀតថា កម្មវិធីជួយដោះស្រាយការលំបាកនេះ នឹងធ្វើនៅក្របខណ្ឌទូទាំងប្រទេសតែម្តង។ ជាមួយនឹងការដាក់ចេញ នូវការអន្តរាគមន៍ជួយអ្នករងគ្រោះដោយកូវីដ-១៩នេះ សម្តេចតេជោ បានថ្លែងអំណរគុណដល់គ្រួសារនៅតំបន់បិទខ្ទប់ ហើយមានជីវភាពអាចដោះស្រាយបញ្ហាបាន ដោយមិនយកជំនួយពីរដ្ឋ ដើម្បីសម្រាលការចំណាយរបស់រដ្ឋ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់អគ្គិសនីកម្ពុជា រដ្ឋាករទឹកកម្ពុជា អគ្គិសនីឯកជន ក្រុមហ៊ុនទឹកឯកជន ចូលរួមជួយផ្គត់ផ្គង់ជាមួយរដ្ឋ សម្រាប់គ្រួសារស្លាប់ដោយជំងឺកូវីដ-១៩ អ្នកជំងឺកូវីដ-១៩ និងអ្នកត្រូវធ្វើចត្តាឡីស័ក។ សម្តេចតេជោ មានប្រសាសន៍បន្ត​ថា ​សម្តេចបានបញ្ជាអភិបាលរាជធានីភ្នំពេញ ត្រូវដឹកស្បៀងអាហារជូនប្រជាពលរដ្ឋនៅតំបន់ ដែលរាំងខ្ទប់ មានថវិកា ៣០ម៉ឺនរៀល អង្គរ មី និងត្រីខកំប៉ុងផងដែរ។ ពីព្រោះយប់មិញនេះ (យប់ថ្ងៃទី១០ខែមេសា) រាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់ទីតាំងមួយចំនួន ដែលបានឆ្លងជំងឺកូវីដ-១៩ធ្ងន់ធ្ងរ នៅក្នុងខណ្ឌចំនួន០៣ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមាន៖ ខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។ ការបិទខ្ទប់ភូមិសាស្ត្រមួយចំនួន ដែលមានការឆ្លងធ្ងន់ធ្ងរនេះ មានរយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ០០៖០០ ថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

នៅព្រឹកមិញនេះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តស្នើឲ្យធនាគារ និងសមាគមគ្រឹះស្ថានហិរញ្ញវត្ថុនានា បន្តការពន្យាពេលការបង់ប្រាក់ របស់គ្រួសារ កើតកូវីដ-១៩។ ជាងនេះទៀត សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍អរគុណ និងស្នើសុំឲ្យគ្រឹស្ថានហិរញ្ញវត្ថុ និងធនាគារ លើកលែងបង់ការប្រាក់ និងប្រាក់ពិន័យផ្សេងៗ ចំពោះអ្នកកើតកូវីដ-១៩ និងអ្នកចត្តាឡីស័ក ដូចខាងក្រោម៖

១- សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩៖ លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់រយៈពេលមួយខែ ព្រមទាំងទទួលបានការរៀបចំ ឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

២- សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក៖ ផ្តល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេល មួយខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់។

៣- បន្តធ្វើការផ្តល់ជូនការរៀបចំឥណទានឡើងវិញ ឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។

៤- បញ្ចេញឥណទានសង្រ្គោះបន្ទាន់ ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។

៥- ធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួនទីមួយសម្រាប់រស់នៅ។

៦-ផ្តល់នូវការអនុគ្រោះសម្រាប់អតិថជន ដែលទទួលមរណភាពដោយជំងឺកូវីដ-១៩ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាននីមួយៗ។

ជាថ្មីម្តងទៀត សម្តេចតេជោ ​មានប្រសាសន៍បន្តថា ដើម្បីកាត់ផ្តាច់ការចម្លងពីម្នាក់​ទៅម្នាក់ ត្រូវអនុវត្តវិធានការ «៣កុំ និង៣ការពារ» ហើយបើមិនចាំបាច់កុំចេញក្រៅផ្ទះ ក្នុងពិធីចូលឆ្នាំខ្មែរឆ្នាំនេះនៅតែធ្វើ តែត្រូវរៀបចំនៅក្នុងផ្ទះ ចូលឆ្នាំនៅផ្ទះ ធានាសុវត្ថិភាពពីជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង