លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនបុគ្គលិកនិងអូប័រល្បឿនលឿន​២គ្រឿង ទៅសង្គ្រោះ​ទូកនេសាទ១​មួយគ្រឿង​ ដែលផ្ទុះឆេះនៅលើលម្ហ​សមុទ្រ​ខេត្តព្រះសីហនុ

​ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា​ខេត្តព្រះសីហនុ ក្រោយទទួលបានព័ត៌មានមកថា មានទូកនេសាទមួយគ្រឿង បានផ្ទុះឆេះនៅលើលម្ហសមុទ្រ ខេត្តព្រះសីហនុ។ ភ្លាមៗនោះ លោកឧកញ៉ា ដែលជាប្រធានក្រុមហ៊ុន ជីធីវីស៊ី ផងនោះ ក៏បានចាត់បញ្ជូនបុគ្គលិក និងអូប័រល្បឿនលឿនចំនួន ០២គ្រឿងទាំងយប់ ចុះជួយអន្តរាគមន៍សង្គ្រោះ​ទូកនេសាទ​ សន្ទូចរនង​ មួយគ្រឿង​ ដែល​ឆាប​ឆេះជាអគ្គិភ័យ នៅលើលម្ហ​សមុទ្រ​ បណ្តាលមកពីផ្ទុះកំប៉ុងហ្គាស កាលពីម៉ោង ០៦ និង​៣០នាទី ល្ងាច​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ​​នៅក្នុងលម្ហសមុទ្រត្រង់ចំណុច ខាងក្រៅពយភ្លើងស៊ីញ៉ូ ប្រហែល ០​៥ម៉ៃ ស្ថិតនៅភូមិកោះ​រ៉ុងសន្លឹម​ សង្កាត់កោះរ៉ុង​សន្លឹម​ ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ។

សកម្មភាព​ជួយអន្តរាគមន៍ របស់លោកឧកញ៉ា ទៀ វិចិត្រ គឺបានជួយសង្គ្រោះ​ជនរងគ្រោះម្នាក់ ឲ្យរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ពីការផ្ទុះឆេះទូកនេសាទ នៅលើលម្ហសមុទ្របានទាន់ពេល និងនាំជនរងគ្រោះមកកាន់ដីគោកដោយសុវត្ថិភាព នៅយប់ថ្ងៃដដែលនេះ។

ទឹកចិត្តសប្បុរសធម៌ របស់លោកឧកញ៉ា ទៀ វិចិត្រ ទទួលបានការគាំទ្រ និងសាទរពីសំណាក់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស តាមរយៈការផ្ញើសារគាំទ្រ និងជូនពរលោក នៅតាមបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ ដែលតែង​ឃើញសកម្មភាពមនុស្សធម៌ ជួយសង្គ្រោះប្រជាពលរដ្ឋ ដោយគ្មានការរើសអើង ទាំងនៅលើដីគោក លើដីកោះ និងនៅលើលម្ហសមទ្រ ពេលជនរងគ្រោះជួបគ្រោះថ្នាក់ផ្សេងៗ មានដូចជា៖ ករណីផ្ទុះឆេះទូក ឬអូប័រ និងលិចទូក នៅលើលម្ហសមុទ្រជាដើម ដែលលោកឧកញ៉ា ទៀ វិចិត្រ បានអនុវត្តជាបន្តបន្ទាប់ នាពេលកន្លងមកនេះ។

ងាកមក ​ជនរងគ្រោះជាម្ចាស់ទូក​ត្រូវឆេះភ្លើង កាលពីព្រលប់ថ្ងៃទី​១១ ខែមេសា ឯណោះវិញ បានរៀបរាប់ថា ទូកនេសាទ ដែលឆេះនេះ មានមនុស្សនៅលើនោះ​តែ​០១នាក់ទេ ដោយកម្មករទូកចំនួន ០៣នាក់ទៀត បានឡើងទៅដីគោកតាំងពីព្រឹក ហើយ​ទូករបស់គាត់ ជាទូកឈើយន្ត ប្រភេទ​នេសាទ (បេអឺអូសបាល់)។

សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះខាងលើនេះ មានឈ្មោះ គង់​ សុខខែម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនេសាទ មានទីលំនៅភូមិកំពង់​នង់​ ឃុំកូនសត្វ​ ស្រុកទឹកឈូ​ ខេត្តកំពត​។ ហើយថា មូលហេតុ​បណ្តាលឲ្យឆេះទូកនេសាទ​ខាងលើនេះ គឺដោយសារផ្ទុះកំប៉ុងហ្គាស។ ប៉ុន្តែជនរងគ្រោះមិនមានគ្រោះថ្នាក់ ឬរងរបួសអ្វីទេ ដោយក្រុមការងារ របស់លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រ ចុះជួយសង្គ្រោះបានទាន់ពេល។ ប៉ុន្តែបានខូចខាតសម្ភារៈមួយចំនួនរួមមាន៖ ឆេះទូកប្រភេទបេអឺ​ ពណ៌ត្រួយចេក​ មានបណ្តោយប្រវែង​ជិត ១៧ម៉ែត្រ (១៦.៧ម៉ែត្រ)​ ទទឹងប្រវែង​ជិត​ ០៥ម៉ែត្រ (៤.៩ម៉ែត្រ) ​ម៉ាស៊ីនម៉ាក Hino កម្លាំង៣១៥សេស មួយគ្រឿង និង ខូចខាតឧបករណ៍​នេសាទអស់មួយចំនួនធំ​។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះ របស់ លោកឧកញ៉ា ទៀ វិចិត្រ នៃក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, Speed Boat, Cambodia) ជួយសង្គ្រោះ និងបានបញ្ជូនតាមអូប័រ ដឹកជនរងគ្រោះមកកាន់ខេត្តព្រះសីហនុ ដោយសុវត្ថិភាព។ ហើយនាឱកាសនោះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានជួយឧបត្ថម្ភថវិកាដល់ម្ចាស់ទូកចំនួន ៤០ម៉ឺនរៀលបន្ថែមទៀត​៕

អត្ថបទដែលជាប់ទាក់ទង