ឧកញ៉ា ទៀ វិចិត្រ បន្តបញ្ជូនអូប័រពេទ្យទៅដឹកស្ត្រីអ្នកជំងឺធ្លាក់ឈាមធ្ងន់ធ្ងរម្នាក់ មកសង្គ្រោះ​នៅមន្ទីរពេទ្យខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ជាថ្មីម្តងទៀតនៅថ្ងៃចន្ទ ទី​១២ ខែមេសា ឆ្នាំ​២០២១នេះ បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) ទៅទទួលយកស្ត្រី​រងគ្រោះ​ម្នាក់ទៀត រស់នៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ដែលមានជំងឺធ្លាក់ឈាមធ្ងន់ធ្ងរ ​បញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

​លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី ផងនោះ មានប្រសាសន៍ថា ស្ត្រីរងគ្រោះរូបនេះ ​ មានជំងឺ​ធ្លាក់ឈាមធ្ងន់ធ្ងរ បន្ទាប់ពី​ស្ត្រីរងគ្រោះ​​បានរអិលជើងដួលពេលកំពុងធ្វើការ។ លោកឧកញ៉ាបន្តថា សកម្មភាពជួយ​ដឹកជញ្ជូនស្ត្រីរងគ្រោះ មកកាន់​មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានធ្វើឡើងនៅរសៀលថៃ្ងទី១២ ខែមេសា ឆ្នាំ២០២១ បន្ទាប់​​ពី​លោកឧកញ៉ា ​បានទទួលព័ត៌មាន​ខាងលើនេះថា មានស្ត្រីអ្នកជំងឺម្នាក់ទៀត មានជំងឺធ្ងន់ហើយមិនមានលទ្ធភាពរកមធ្យោបាយដឹកជញ្ជូន ពីកោះរ៉ុង ដើម្បីមក​ពិនិត្យព្យាបាល នៅមន្ទីរពេទ្យ​ នាខេត្តព្រះសីហនុ​។

បុរសជាប្តី ស្ត្រីរងគ្រោះ បានថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងក្រុមការងារក្រុម ជី.ធី.វី.ស៊ី ទាំងអស់ ដែលបានបញ្ជូនអូរប័រទៅដឹកភរិយា របស់គាត់ មកកាន់​នៅមន្ទីរពេទ្យ​ខេត្តព្រះសីហនុ បានទាន់ពេលវេលា ស្របពេលគ្រួសារគាត់ មិនមានលទ្ធភាព រកមធ្យោបាយដឹកជញ្ជូនប្រពន្ធខ្លួន មកកាន់ដីគោក ដើម្បីពិនិត្យ​ព្យាបាលជំងឺប្រពន្ធនោះ។

“សំឡេង​ ប្តី ស្ត្រីរងគ្រោះ”

ស្ត្រីរង​គ្រោះមាន ឈ្មោះ ឌី​ វុទ្ធី​ អាយុ​៣៩ឆ្នាំ មានប្តីឈ្មោះ ស៊ុន សុខហេង ​អាយុ៣៩ឆ្នាំ។ ហើយ ទីលំនៅបច្ចុប្បន្ន រស់​នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ​ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ពេលនេះ ស្ត្រីអ្នកជំងឺខាងលើនេះ ត្រូវ​បានបញ្ជូនតាមអូប័រពេទ្យ របស់ ​ក្រុមហ៊ុន G.T.V.C មកកាន់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព និងដឹកបន្ត​​តាមរថយន្ត​សង្គ្រោះបន្ទាន់ ​​ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

 

អត្ថបទដែលជាប់ទាក់ទង