ពលរដ្ឋចោទប្រកាន់ សមាជិកក្រុមប្រឹក្សាស្រុកបុទុមសាគរ​ម្នាក់ ធ្វើរបងរំលោភយកចំណីផ្លូវជាតិ៤៨

ខេត្តកោះកុង៖ ប្រជាពលរដ្ឋរស់នៅស្រុកបុទុមសាគរ បានចោទ លោក ភឹន រុច សមាជិកក្រុមប្រឹក្សាស្រុកបុទុមសាគរ ថាបានទន្ទ្រានរានយកចំណីផ្លូវសាធារណៈ របស់រដ្ឋ មានទីតាំងនៅភូមិព្រលាន ឃុំកណ្តោល ធ្វើជាកម្មសិទ្ធិឯកជន ដោយខុសច្បាប់ ហើយគ្មានអាជ្ញាធរស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តកោះកុង ចេញមុខមានវិធានការទប់ស្កាត់នៅឡើយទេ។

​បញ្ហានេះ ក្រុមប្រជាពលរដ្ឋរស់នៅស្រុកបុទុមសាគរ បានសំណូមពរដល់ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ជួយមានវិធានការទៅលើសកម្មភាពរំលោភយកដីចំណីផ្លូវសាធារណៈ និងដឹកអាចម៍​ដីចាក់លុបព្រែក ​​ដែលលោក ភឹន រុច សមាជិកក្រុមប្រឹក្សាស្រុកបុទុមសាគរ ​​ត្រូវទប់ស្កាត់ឲ្យបានឆាប់ និងឈានទៅមានវិធានការផ្លូវច្បាប់ ទៅលើបុគ្គល​​រំលោភយកដីចំណីផ្លូវសាធារណៈ និងដឹកដីចាក់លុបព្រែក​ ធ្វើកម្មសិទ្ធិឯកជន​ដោយខុសច្បាប់​ខាងលើនេះ ឲ្យ​​មានប្រសិទ្ធភាព។

ទាក់ទិនបញ្ហានេះ ​លោក ហាក់ ឡេង អភិបាលស្រុកបុទុមសាគរ មានប្រសាសន៍ថា ក្រោយរូបលោក ទទួលបានព័ត៌មានខាងលើនេះ ក៏បានចាត់ឲ្យមន្ត្រីជំនាញ ចុះពិនិត្យលើករណីនេះរួចហើយ។ លោកអភិបាល បានទទួលស្គាល់ថា លោក ភឹន រុច សមាជិកក្រុមប្រឹក្សាស្រុកបុទុមសាគរ ពិត​ជាបានទន្ទ្រានយកចំណីផ្លូវសាធារណៈ របស់រដ្ឋ ​ពិតប្រាកដ​មែន។

ចំណែក លោក ក្រូច បុរីសីហា អភិបាលរងស្រុកបុទុមសាគរ ​ទទួលបន្ទុក​ចុះអនុវត្តន៍ និងដោះស្រាយវិវាទដីធ្លី ​បានឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ​ថា ចំពោះការចាក់អាចម៌ដី និង​សង់​របងរឹងមាំ ហ៊ុមព័ទ្ធរំលោភលើបង្គោលភ្លើងអគ្គិសនី រំលោភយកចំណីផ្លូវសាធារណៈ របស់រដ្ឋខាងលើនេះ ថ្នាក់ដឹកនាំស្រុកបុទុមសាគរ ធ្លាប់បានចុះពិនិត្យម្តងរួចមកហើយ ប៉ុន្តែកាលនោះ លោកមិនទាន់​បាន​សេចក្តីសម្រេច ថាយ៉ាងណានោះទេ។ ប៉ុន្តែពេលនេះ រូបលោក កំពុងចាត់កម្លាំង ឲ្យចុះពិនិត្យចាថ្មីម្តងទៀត នៅលើទីតាំងកើតមានបញ្ហាមិនប្រក្រតីទាំងនេះ។

​ដោយឡែក លោក ពៅ ចន្ថន ប្រធានការិយាល័យភូមិបាល និងសុរិយោដីស្រុកបុទុមសាគរ បានឲ្យដឹងដែរថា ចំពោះការចាក់អាចម៌ដី និងសង់របងរឹងមាំ ហ៊ុមព័ទ្ធរំលោភលើបង្គោលភ្លើងអគ្គិសនី និងចំណីផ្លូវសាធារណៈ របស់រដ្ឋខាងលើនេះ លោក ភឹន រុច ពុំបានសុំច្បាប់អនុញ្ញាត្តពីខាងជំនាញដែនដីឡើយទេ។ លោកបន្តថា សកម្មភាព របស់​ លោក ភឹន រុច គឺបានអនុវត្តផ្ទុយពីច្បាប់កំណត់ ពោល​គឺ រាល់ការសាងសង់សំណង់ផ្សេងៗ ត្រូវតែមានគម្លាត ២៥ម៉ែត្រ ចេញពីអ័ក្សផ្លូវ។ លោកបន្តថាការ រាល់បុគ្កលណា ដែលនៅតែបំពានដីចំណីផ្លូវបែបនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរ​មាន។

ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងបន្តទៀតថា ជាបន្តបន្ទាប់មកនេះ គេតែងឃើញ​ លោក ភឹន រុច សមាជិកក្រុមប្រឹក្សាស្រុកបុទុមសាគរ បានធ្វើសកម្មភាពរំលោភយកចំណីផ្លូវសាធារណៈ និងចំណីព្រែក របស់រដ្ឋ ជាបន្តបន្ទាប់មានដូចជា៖ ករណីដឹកអាចម៍ដីចាក់រំលោភយកចំណីព្រែក​ស្រែអំបិលជាដើម គឺ​បុគ្កលរូបនេះ បានដឹកដីចាក់បំពាន​យកចំណីព្រែក​ ​ដោយខុសច្បាប់ ហើយអាជ្ញាធរឬមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ ហាក់មិនរវល់អើពើ ចាត់វិធានការទប់ស្កាត់នោះទេ នាពេលកន្លងមក។​

យ៉ាងនេះក្តី គេហទំព័រ “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចទាក់ទង លោក ភឹន រុច សាជិកក្រុមប្រឹក្សាស្រុកបុទុមសាគរ ខេត្តកោះកុង ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ខាងលើបាននៅឡើយទេ នៅថ្ងៃចន្ទ ទី​១២ ខែមេសា ឆ្នាំ​២០២១នេះ៕ ដោយ៖ បុទុមសាគរ

អត្ថបទដែលជាប់ទាក់ទង