អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពង្រឹងការពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពនៅក្នុងទីផ្សារ

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំពង្រឹងកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពនៅក្នុងទីផ្សារ ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកលោកស្រី ជាអ្នកគ្រប់គ្រងទីផ្សារទាំង១៥ នៅទូទាំងខេត្តព្រះសីហនុ។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏បានណែនាំដល់លោកលោកស្រី ជាអ្នកគ្រប់គ្រងទីផ្សារទាំងអស់ត្រូវរៀបចំយន្តការ និងពន្យល់ណែនាំដល់អាជីវករឱ្យការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តតាមវិធានការដូចខាងក្រោម៖

ទី១- ទាំងបុគ្គលិកផ្សារ អាជីវករ និងប្រជាពលរដ្ឋដែលចេញចូលផ្សារត្រូវ ពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព និងប្រើប្រាស់អាកុល ជែលគ្រប់ពេល

ទី២- ចងខ្សែគម្លាតសុវត្ថិភាពនៅតាមតូបលក់រៀងៗខ្លួន ដោយអ្នកលក់ និងអ្នកទិញមិនត្រូវប៉ះពាល់គ្នាដោយផ្ទាល់នោះឡើយ ហើយសកម្មភាព នៃការលក់ដូរ នៅពេលប្រគល់ទទួលទំនិញ និងលុយ ត្រូវទុកដាក់នៅលើតុចំពាក់កណ្តាល នៃខ្សែបន្ទាត់សុវត្ថិភាព ដោយបាញ់អាកុលជាមុនសិន មុនពេលទទួលយក

ទី៣- ចូលរួមអនុវត្តវិធានការណ៍នានា របស់ក្រសួងសុខាភិបាល ជាពិសេសគោលការណ៍ ៣កុំ និង៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភជូនលោកលោកស្រី ជាអ្នកគ្រប់គ្រងទីផ្សារទាំង១៥ ដើម្បីយក ទៅចាត់ចែងប្រើប្រាស់នៅក្នុងទីផ្សារ របស់ខ្លួន នូវថវិកា និងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួមមាន៖ ម៉ាសចំនួន ៥០០ម៉ាស, ម៉ាសក្រណាត់ចំនួន ៣០០ម៉ាស, ទែម៉ូម៉ែត្រ ០៣គ្រឿង, ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ០១គ្រឿង, ទឹកថ្នាំសម្លាប់មេរោគ ០១កាន, ទឹកអាល់កុល ០១កាន, ថវិកា ០១លានរៀលសម្រាប់ចាត់ចែងការចងខ្សែគម្លាតសុវត្ថិភាព នៅតាមតូបលក់ទំនិញ របស់បងប្អូនអាជីវករ៕ ដោយ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង