ផ្អាកបើកធ្វើអាជីវកម្មតូបលក់ដូរចំនួន ៣៦តូប ក្នុងផ្សារលើក្រុងព្រះសីហនុ ព្រោះពាក់ព័ន្ធជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានផ្អាកបណ្តោះអាសន្ន តូបលក់ដូរចំនួន ៣៦តូប ក្នុងផ្សារលើ ស្ថិតក្នុងក្រុងព្រះសីហនុ បន្ទាប់ពីបានរកឃើញអាជីវករលក់គ្រឿងសមុទ្រចំនួន ០២នាក់ បានឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែមិនបិទផ្សារទាំងមូលនោះទេ។

សេចក្តីសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបន្ទាន់មួយ ដឹកនាំដោយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។

កិច្ចប្រជុំនោះ បានឈានដល់ផ្អាកជាបណ្តោះអាសន្ន នូវការធ្វើអាជីវកម្មលក់ដូរចំនួន ៣៦តូប នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ ដែលមានការពាក់ព័ន្ធជាមួយនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩។

នាឱកាសនោះ លោក គួច ចំរើន បានលើកឡើងអំពីករណី នៃការរកឃើញអាជីវករលក់គ្រឿងសមុទ្រនៅផ្សារលើចំនួន ០២នាក់ ដែលមានវិជ្ជមានជំងឺកូវីដ-១៩ ហើយចាំបាច់ត្រូវផ្អាកជាបណ្តោះអាសន្ន នូវដំណើរការបើកធ្វើអាជីវកម្ម តូបលក់ដូរចំនួនចំនួន ៣៦តូប មានទីតាំងនៅក្បែរៗនោះ។ ប៉ុន្តែមិនបិទផ្សារទាំងមូលទេ។ ជាងនេះទៀត ក៏ត្រូវស្រង់ស្ថិតិអ្នក ដែលមានការពាក់ព័ន្ធជាមួយនឹងអ្នក វិជ្ជមានជំងឺកូវីដ-១៩ ដើម្បីយកសំណាក។

ព្រមជាមួយគ្នានេះ លោក គួច ចំរើន ក៏បានដាក់ចេញនូវវិធានការ និងគោលការណ៍ណែនាំមួយចំនួនដូចខាងក្រោម៖

– កំណត់បែងចែកផ្សារលើជា ០៥ប្លុកធំៗ ដើម្បីធ្វើការគ្រប់គ្រង និងដាក់គោលដៅត្រួតពិនិត្យចំនួន១៦ គោលដៅ។

– ហ៊ុំព័ទ្ធទីតាំងតូបលក់ដូរទាំង ៣៦តូប ដែលមានការពាក់ព័ន្ធជាមួយនឹងអ្នក វិជ្ជមានជំងឺកូវីដ-១៩ ដោយកំណត់ជាតំបន់ចត្តាឡីស័ក។

– ដាក់ស្លាក «ទីនេះធ្លាប់មានអ្នកវិជ្ជមានជំងឺកូវីដ-១៩» នៅតាមច្រកគោលដៅត្រួតពិនិត្យទាំង១៦ គោលដៅ។

– រៀបចំសណ្តាប់ធ្នាក់របៀបរៀបរយ នៅជុំវិញផ្សារលើ។

– បញ្ជូនក្រុមការងារចុះបាញ់ថ្នាំ សម្លាប់មេរោគ និងលាងសម្អាតផ្សារលើទាំងមូល។

– ដាក់ទូរបាញ់អាល់កុលសម្លាប់មេរោគ នៅច្រកចេញចូលធំៗចំនួន០៤ នៅក្នុងផ្សារលើ។

– ពន្យល់ណែនាំដល់អាជីវករ និងប្រជាពលរដ្ឋ ដែលចេញចូលផ្សារត្រូវពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព និងប្រើប្រាស់អាកុល ជែលគ្រប់ពេល។

– ត្រូវចងខ្សែគម្លាតសុវត្ថិភាព នៅតាមតូបលក់ដូរ ដោយហាមដាច់ខាតអ្នកលក់ និងអ្នកទិញមិនត្រូវប៉ះពាល់គ្នាដោយផ្ទាល់នោះឡើយ ហើយសកម្មភាព នៃការលក់ដូរ នៅពេលប្រគល់ទទួលទំនិញ និងលុយ ត្រូវទុកដាក់នៅលើតុចំពាក់កណ្តាលនៃ ខ្សែបន្ទាត់សុវត្ថិភាព ដោយបាញ់អាកុលជាមុនសិន មុនពេលទទួលយក។

– សូមលើកទឹកចិត្ត ក្នុងការប្រើប្រាស់ប្រព័ន្ធធនាគារក្នុងការទូទាត់ថ្លៃទំនិញ ដើម្បីកាត់បន្ថយការប្រើប្រាស់លុយសុទ្ធ ដែលជាហានិភ័យក្នុងការចម្លងជំងឺកូវីដ-១៩។

– ពន្យល់ដល់អាជីវករ ត្រូវចូលរួមអនុវត្តតាមការណែនាំ ដើម្បីរក្សាផលរបរ របស់បងប្អូន ជាជាងការបិទផ្សារទាំងមូល (ស៊ូលំបាកបន្តិច ប្រសើរជាងលំបាកធ្ងន់ធ្ងរ)។

បន្ថែមលើនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមអនុវត្តវិធានការណ៍នានារបស់ក្រសួងសុខាភិបាល ជាពិសេសគោលការណ៍ ៣កុំ និង៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវ ប្រយោជន៍ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ឲ្យបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង