អង្គការ​សុខភាព​ពិភពលោក​ព្រមាន​​​ថា​ ​កម្ពុជា​ កំពុងតែ​ឈរ​នៅ​មាត់ជ្រោះ​ នៃ​សោកនាដកម្ម​ជំងឺ​កូវីដ-១៩ បើពលរដ្ឋ..

រាជធានីភ្នំពេញ៖ អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំ​កម្ពុជា​ បាន​ព្រមាន​​​ថា​ ប្រទេស​កម្ពុជា​ កំពុងតែ​ឈរ​នៅ​មាត់ជ្រោះ​ នៃ​សោកនាដកម្ម ព្រោះតែ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ ប្របើសិនប្រជាពលរដ្ឋ ​មិន​ប្រកាន់​ភ្ជាប់ ​នូវ​ទង្វើ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​នោះទេ។

អង្គការ​ (WHO)​ បាន​សង្កត់ធ្ងន់​ថា លុះត្រាតែ​មាន​ការរួមគ្នា បញ្ឈប់​ការផ្ទុះ​ឡើង​យ៉ាង​អាក្រក់​បំផុត​នេះ បើ​មិន​ដូច្នេះ​ទេ ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស​កម្ពុជា​ នឹង​ស្ថិត​ក្នុង​ហានិភ័ខ្ពស់​ដែល​ត្រូវមាន​បន្ទុក​ធ្ងន់ធ្ងរ ហើយ​អាច ​នឹងមាន​ផលវិបាក​មហន្តរាយ​ដ៏ធំ។

លោកស្រី​វេជ្ជបណ្ឌិត Li Ailan តំណាង​អង្គការ WHO ប្រចាំ​កម្ពុជា បាន​ព្រមាន​ថា៖ “ប្រទេស​កម្ពុជា​ ស្ថិតនៅលើ​ផ្លូវបំបែក។ អ្វី​​ដែល​យើង​ទាំងអស់​គ្នា ​ត្រូវធ្វើ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ និង​សប្តាហ៍​ខាងមុខ នឹង​កំណត់​ពី​អនាគត​របស់​យើង។ ប្រទេសជាតិ ​ត្រូវ​តែ​រួមគ្នា​តែមួយ​ឆ្ពោះ​ទៅរក​គោលដៅ​រួមមួយ។ រួមគ្នា​យើង​អាច​គ្រប់គ្រង​ការផ្ទុះ​ឡើង​នេះ​បាន។ បើសិន​ជា​យើង​មិនអាច​គ្រប់គ្រង​បានទេ ខ្ញុំ​ភ័យខ្លាច​ចំពោះ​ផលវិបាល​ទាំងនេះ​នឹង​ក្លាយ​ជា​មហន្តរាយ”។

អង្គការ​ដដេលនេះ ​បាន​លើកឡើង​ថា សូម្បីតែ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​ក៏ដោយ ក៏​ពួកគេ​ត្រូវតែ​ប្រកាន់​ភ្ជាប់ នូវ​ឥរិយាបថ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ផងដែរ ដើម្បី​ការពារ​ការឆ្លង​បន្ថែម​ទៀត។ ការចាក់​វ៉ាក់សាំង​ជួយ​អ្នក​មិន​ឲ្យ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ប៉ុន្តែ​អ្នក​នៅតែ​អាច​ឆ្លង និង​ចម្លង​ទៅ​អ្នកផ្សេង​ដដែល។ បើទោះបី​ជា​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​ក៏ដោយ ក៏​អ្នក​គួរតែ​នៅផ្ទះ​ដែរ ព្រោះ​ថា នៅ​ផ្ទះ​គឺមាន​សុវត្ថិភាព​បំផុត​សម្រាប់​អ្នក។

អង្គការ​នេះ ​ក៏បាន​សាទរ​ចំពោះ​កិច្ច​ខំប្រឹងប្រែង​ និង​វិធាន​របស់​រាជរដ្ឋាភិបាល ​ចំពោះ​ការបិទ​ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត និង​ការជួប​ជុំគ្នាផ្សេង។ បន្ថែមលើនេះ អង្គការ​(WHO) ក៏បាន​ស្នើសុំ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ​ចូលរួម​ទប់ស្កាត់​ការឆ្លង​ និង​ចម្លង​ដោយ​គោរព​វិធានការ​សុខាភិបាល និង​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ជាមួយ​ក្រុម​គ្រួសារ ​នៅក្នុង​ផ្ទះ។ នៅផ្ទះ ដើម្បី​រក្សា​សុវត្ថិភាព៕ ប្រភព៖ ភ្នំពេញប៉ុស្តិ៍

អត្ថបទដែលជាប់ទាក់ទង