អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យសមត្ថកិច្ចចុះស្រាវជ្រាវ រកម្ចាស់ហាង និងកន្លែងលក់ដូរទំនិញ ដែលឡើងថ្លៃហួសហេតុ..

រាជធានីភ្នំពេញ​៖ ​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ ហើយបាន​បញ្ជាឲ្យកម្លាំង​សមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវជាបន្ទាន់ ចំពោះម្ចាស់ហាង និងកន្លែង​លក់ដូរទំនិញទាំងឡាយណា ដែលឡើងថ្លៃទំនិញហួសហេតុ នៅក្នុងកាលៈទេសៈ ​ដែលប្រទេសកម្ពុជា កំពុងរាតត្បាតដោយជំងឺកូវីដ-១៩។

លោក ឃួង ស្រេង បានចាត់ទុក​ ការដំឡើងថ្លៃទំនិញហួសហេតុ របស់អាជីវករមួយចំនួន នៅក្នុងអំឡុងពេលនេះ ថាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ក្នុងពេល ដែល​រាជរដ្ឋាភិបាល បានដាក់ចេញវិធានការជាបន្ដបន្ទាប់ ​ទប់ស្កាត់​ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទាំងក្នុងរាជធានីភ្នំពេញ និងក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ការ​ប្រកាសចាត់វិធានការ​ផ្លូវច្បាប់ របស់លោកអភិបាលរាជធានីភ្នំពេញពេលនេះ បានកើតឡើងក្រោយពេល ទទួលបានព័ត៌មានមកថា មានអាជីវករមួយចំនួននៅក្នុងក្រុងភ្នំពេញ បានឆ្លៀតតម្លើងថ្លៃទំនិញច្រើន​ហួសហេតុ ក្នុងពេលប្រជាពលរដ្ឋនាំគ្នាសម្រុកទៅទិញស្បៀងអាហារ​ដើម្បីត្រៀមទុក ក្រោយ​បានស្តាប់សារសំឡេង​បែកធ្លាយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវ​វិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី​១៥ ដល់ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១។

លោក ឃួង ស្រេង មានប្រសាសន៍ថា “រដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា ម្ចាស់ហាង និងកន្លែងលក់ដូរមួយចំនួនបានឆ្លៀត ឱកាសកេងចំណេញឡើងថ្លៃហួសហេតុ នៅពេលដែលប្រជាពលរដ្ឋ​សម្រុកនាំគ្នាទៅទិញស្បៀងអាហារ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ហាង និងកន្លែងលក់ដូរដែលដំឡើងថ្លៃ ហើយសមត្ថកិច្ចកំពុងធ្វើការងារនេះយ៉ាងយកចិត្តទុកដាក់”។

យោងតាម​រូបភាព និងរូបវីដេអូឃ្លីប ដែលត្រូវគេចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក ​កាលពីល្ងាច​ឬយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បង្ហាញថា មានប្រជាពលរដ្ឋច្រើនកុះករ បានសម្រុកទៅទិញគ្រឿងឧបភោគបរិភោគ ម្ហូបអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត នៅតាមទីផ្សារ ឬតាមកន្លែងលក់ដូរនានា នៅក្នុងរាជធានីភ្នំពេញ ដោយ​កន្លែងខ្លះបានលក់ដាច់គ្មានសល់ ដោយមាន​មុខទំនិញខ្លះ ត្រូវបានអ្នកលក់ទំនិញមួយចំនួននោះ បានលក់ឡើងថ្លៃ​ខ្ពស់កប់ពពក៕

អត្ថបទដែលជាប់ទាក់ទង