សម្តេច​ ហ៊ុន សែន៖ កម្ពុជាកំពុងស្ថិតមាត់ជ្រោះនៃមរណៈហើយ បើមិនប្រឹងរួមគ្នានឹងឈានទៅរកមរណៈ

រាជធានីភ្នំពេញ​៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារសំឡេងជាថ្មីទៀត ដោយ​អង្វរប្រជាពលរដ្ឋខ្មែរឱ្យរួមគ្នា ដើម្បីយកឈ្នះលើព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលជាព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់សម្រាប់ប្រទេសកម្ពុជា។

ក្នុងសារសំឡេងបន្ទាន់ស្តីពីវិធានបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កំពុងស្ថិតលើមាត់ជ្រោះនៃមរណៈហើយ បើមិនរួមគ្នាជម្នះទេនោះ នឹងឈានទៅរកមរណៈមិនខាន។

សារសំឡេងដដែលនោះ សម្តេចតេជោ បានរំលឹកទៅកាន់ប្រជាពលរដ្ឋ ឲ្យរួមគ្នាបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឲ្យបានទាំងអស់គ្នា៖ “សូមអង្វរកបងប្អូនប្រជាពលរដ្ឋរបស់យើង ខិតខំឡើងរួមគ្នា ដើម្បីបញ្ចប់នូវព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់។ យើងកំពុងស្ថិតនៅមាត់ជ្រោះ នៃមរណៈហើយ ប្រសិនបើយើងមិនប្រឹងរួមគ្នា យើងនឹងឈានទៅរកមរណៈពិតប្រាកដ។ ដូច្នេះវិធីតែមួយគត់ គឺរួមដៃគ្នាទាំងរដ្ឋ និងប្រជាជន”។

កាលពីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ​២០២១ ដដែលនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញវិធានការថ្មីមួយទៀត ដោយបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យថ្ងៃទី១៥ ខែមេសា ឆ្នាំ​២០២១តទៅ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

វិធានការខាងលើនេះ បានហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះ និងបិទការធ្វើអាជីវកម្មមួយចំនួនផងដែរ។ យ៉ាងនេះក្តី សេចក្តីសម្រេចខាងលើនេះ ​​បានអនុញ្ញាតសម្រាប់ការធ្វើដំណើរចាំបាច់មួយចំនួនរួមមាន៖ ការធ្វើដំណើរទៅមន្ទីរពេទ្យ និងការទិញម្ហូបអាហារជាដើម..។ ក្នុងនោះ ចំពោះអាជីវកម្មចាំបាច់មួយចំនួន ក៏ត្រូវបានរក្សាទុកផងដែរ ជាពិសេសអាជីវកម្មពាក់ព័ន្ធការលក់ដូរ និងការ​ផ្គត់​ផ្គង់​ស្បៀងអាហារជាដើម។

គួររំលឹកថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ​បានអូសបន្លាយពេលជិត ០២ខែទៅហើយ ប៉ុន្តែមិនទាន់មានសញ្ញាណថ​យចុះពីការឆ្លងជំងឺកូវីដ-១៩នេះ នៅឡើយ​ទេ គិតមកត្រឹមថ្ងៃទី​១៤ ខែមេសា ហើយការរីករាលនៃមេរោគនេះ មានវិសាលភាពកាន់ធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។

តាមរបាយការណ៍ របស់ក្រសួងសុខាភិបាលបានបង្ហាញថា កម្ពុជា មានអ្នកជំងឺកូវីដ-១៩ សរុបមានចំនួន​ ៤,៣៣៧នាក់​។ ក្នុងនោះមានអ្នកជំងឺនេះចំនួន ៣៦នាក់ បានស្លាប់​ គិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១​៕

អត្ថបទដែលជាប់ទាក់ទង