អភិបាលខេត្តកោះកុង៖ ​​មេខ្យល់​និងពលករខ្មែរ ​​លួចឆ្លងដែនចេញចូល​កម្ពុជា-ថៃខុសច្បាប់ ត្រូវ​ផ្តន្ទាទោសដាក់ពន្ធនាគារជាដាច់ខាត

ខេត្តកោះកុង៖ មន្ត្រីរដ្ឋបាលខេត្តកោះកុង បានឲ្យដឹងថា សមត្ថកិច្ចចម្រុះ បានឃាត់ខ្លួនមនុស្សចំនួន​១៨​នាក់ ជាពលករខ្មែរ ​បញ្ជូនទៅពន្ធនាគារ ក្រោយតម្រូវឲ្យ​ធ្វើចត្តាឡីស័ករួចរាល់តាមការកំណត់ ១៤ថ្ងៃ តាមការកំណត់ របស់ក្រសួងសុខា​ភិបាល។ ពលករទាំង ១៨នាក់នោះ ត្រូវបានមេខ្យល់លួចលាក់​ដឹកឆ្លងដែនតាមរថយន្ត ចេញពីប្រទេសថៃដោយខុសច្បាប់ ឆ្លងចូលក្នុងមូលដ្ឋានខេត្តកោះកុង ជាបន្តបន្ទាប់នាពេលកន្លងមក។

មន្ត្រីរដ្ឋបាលខេត្តកោះកុង បន្តថា ការឈានទៅឃាត់ខ្លួនមេខ្យល់ និងពលករខ្មែរវិលពីប្រទេសថៃ ចូលមកកម្ពុជា ដោយខុសច្បាប់ខាងលើនេះ បានកើតឡើងបន្ទាប់ពី លោកស្រី មិថុនា​ ភូថង​ អភិបាល នៃគណៈអភិបាលខេត្ត​កោះកុង​ បានដាក់បទបញ្ជាក្តៅទៅសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធខេត្តនេះ ឲ្យពង្រឹងការទប់ស្កាត់សកម្មភាព នៃការលួចឆ្លងដែនចេញ-ចូល មិនស្របច្បាប់តាមបន្ទាត់ព្រំដែន​ និងច្រករបៀងធម្មជាតិ​មួយចំនួន ក្នុងខេត្តកោះកុងរួចមក។

ជាក់ស្តែងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ​២០២១ ដែលជាថ្ងៃទី០២ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ គឺកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខេត្តកោះកុង បានបន្តចុះពង្រឹងសកម្មភាពការងារ របស់ខ្លួន នៅតាមបន្ទាត់​ព្រំដែននានា ​រហូតឈានដល់ចាប់ឃាត់ខ្លួន​មេខ្យល់ម្នាក់ ដែលតែងតែនាំពលករខ្មែរចេញ-ចូលឆ្លងដែន ពីប្រទេសកម្ពុជា ចូលទៅប្រទេសថៃ និងពីប្រទេសថៃ ចូលមកកម្ពុជា ដោយខុសច្បាប់​សរុបមានចំនួន ១៨នាក់​ នាពេលកន្លងមក ដើម្បីកសាងសំណុំរឿងបញ្ជូនសាលាដំបូងខេត្តកោះកុង បន្តនីតិវិធីតាមច្បាប់។

​ទាក់ទិនបញ្ហានេះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹង នៅរសៀលថ្ងៃទី១៥ ខែមេសាថា ​ថ្ងៃនេះ​កម្លាំង​សមត្ថកិច្ច​ បានចាប់ឃាត់ខ្លួនមេខ្យល់​ម្នាក់​ ឈ្មោះ​ សេ​ លៀង​ ភេទប្រុស​ អាយុ​​៦៤ឆ្នាំ ​ដែលបានព្យាយាមលួចលាក់ពលករខ្មែរ នៅក្នុងរថយន្ត​ របស់ខ្លួន ហើយបើក​​ឆ្លងដែនចេញពីប្រទេសថៃ​ ចូលមកកម្ពុជា តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំយាម​ ស្រុក​មណ្ឌលសីមា​ ខេត្ត​កោះ​កុង​។ ប៉ុន្តែជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចចម្រុះ បានឃាត់ខ្លួននៅព្រំដែនខាងលើជាក់ស្តែងតែម្តង។

ទាក់ទិនបញ្ហាខាងលើនេះ ​លោកស្រី មិថុនា ភូថង បានព្រមានធ្ងន់ៗថា ​នឹងមិនលើកលែងជាដាច់ខាតចំពោះបុគ្គលគ្រប់ៗរូប ដែលធ្វើសកម្មភាពល្មើស​ នឹងបទបញ្ជា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញសេចក្តីប្រកាស ឬដាក់បំរាមហាមឃាត់ ការលួចឆ្លងដែនដោយខុសច្បាប់ ក្នុងដំណាក់កាល នៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ​ឆ្លង​ចូល​ក្នុង​សហគមន៍​ មានវិសាលភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ នៅកម្ពុជា។

សមត្ថកិច្ចខេត្តកោះកុង បានឲ្យដឹងបន្តថា ​​​បច្ចុប្បន្ន​ទាំងពលករខ្មែរ និងមេខ្យល់នាំពលករខ្មែរចេញចូលពីប្រទេសថៃចូលកម្ពុជា និងពីកម្ពុជា ចូលទៅប្រទេសខាងលើនេះ ត្រូវបាន លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ​ជម្រុញទៅកម្លាំង​​សមត្ថកិច្ចជំនាញ ឲ្យ​ពន្លឿនការ​កសាងសំណរឿង ជនសង្ស័យទាំងមេខ្យល និងពលករខ្មែរទាំងពីរនាក់​​ និងអ្នកជាប់ពាក់ព័ន្ធផ្សេងទៀតទៅកាន់សាលាដំបូងខេត្តកោះកុង ផ្តន្ទាទោស តាមនីតិវិធីច្បាប់ ក្រោយបញ្ចប់ការធ្វើចត្តាឡីស័កគម្រប់ ១៤​ថ្ងៃ​​ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង