លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាពហើយ ក្នុងអំឡុងពេលព្យាបាលជំងឺកូវីដ-១៩

រាជធានីភ្នំពេញ៖ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាពហើយ នៅក្នុងអំឡុងពេល​ពិនិត្យ​ព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

លោក ម៉ៅ អាយុទ្ធ ត្រូវបានមន្ត្រីសុខាភិបាល រកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ​២០២១ ហើយត្រូវបានក្រុមគ្រូពេទ្យ ដឹកតាមរថយន្ត ទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

លោក ម៉ៅ អាយុទ្ធ មានអាយុ៧៧ឆ្នាំ មានទីលំនៅរស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក ម៉ៅ អាយុទ្ធ ត្រូវ​គេស្គាល់ថា ជាមន្រ្តីជាន់ខ្ពស់ម្នាក់ និងជាផលិតករភាពយន្ត ដ៏ល្បីឈ្មោះម្នាក់ នៅក្នុងចំណោមផលិតករល្បីឈ្មោះជាច្រើនទៀត ដោយរូបគាត់ បានបន្សល់ទុក នូវស្នាដៃជាច្រើនក្នុងវិស័យសិល្បៈខ្មែរ ក្នុងនោះមានស្នាដៃផលិតខ្សែភាពយន្ត- ខ្សែវីដេអូ – ចម្រៀងកាយវិការ- កំណាព្យ និងប្រលោមលោកជាដើម..។

ចំពោះកំណាព្យ និងខ្សែភាពយន្តដ៏ល្បី ដែលជាស្នាដៃ របស់លោក ម៉ៅ អាយុទ្ធ ហើយមានភាពល្បីល្បាញ និងទទួលស្គាល់ពីប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសនោះគឺ៖ ” ប្រភេទ លុយ ” និងស្នាដៃវណ្ណកម្មភាពយន្តខ្មែរមានដូចជារឿង៖ ទឹករាំផ្ការាំ, បិទភ្នែក ហែកទ្រូង, ចិត្តចងចាំ, ឆ្អឹងអណ្តែត, នេសាទក្រពើ, ហ្លួងព្រះស្តេចកន និងខ្សែភាពយន្តប្រចាំស.វ « កូនប្រុស ក្រោមពន្លឺចន្ទ» ដែលលោកកំពុងតែដឹកនាំថត គឺជាមរតកអរូបី ដែលខ្មែរគ្រប់រូប សូមចងចាំជានិច្ច៕

អត្ថបទដែលជាប់ទាក់ទង