សមត្ថកិច្ចស្រុកព្រៃនប់ ពិន័យពលរដ្ឋ៧នាក់ ដែលមិនពាក់ម៉ាសនិងរក្សាគម្លាត

ខេត្តព្រះសីហនុ៖  កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ កាលពីថ្ងៃទី១៥ ខែមេសាឆ្នាំ២០២១ បានធ្វើការពិន័យអន្តរការណ៍ ចំពោះប្រជាពលរដ្ឋចំនួន ០៧នាក់ ដែលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាត​ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាលបានកំណត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

យោងតាមអនុក្រឹត្យលេខ៣៧ អនក្រ.បក ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រា១៩ បានកំណត់ថា «ត្រូវពិន័យអន្តរការណ៍ពី ២០០.០០០ (ពីរសែន) រៀល ទៅ ១.០០០.០០០(មួយលាន)រៀល ចំពោះបុគ្គល ដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងត្រូវពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន)រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ចំពោះអ្នកទទួលខុសត្រូវរៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀត ដែលមិនគោរពវិធានការគម្លាតសុវត្ថិភាព»។

ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិណែនាំអ្នកនៅជុំវិញខ្លួន ឱ្យអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដើម្បីបានចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង។

ត្រង់ចំណុចនេះ រដ្ឋបាលខេត្តព្រះសីហនុ បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការអនុវត្ត ឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ និង៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ឲ្យមានប្រសិទ្ធភាព៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង