រដ្ឋបាលខេត្តកោះកុង បិទការលក់ដូរគ្រឿងស្រវឹង និងការប្រមូលផ្តុំ ទ្រង់ទ្រាយធំ​១៤ថ្ងៃ

ខេត្តកោះកុង៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីជូនដំណឹង បិទផ្អាកការលក់ដូរគ្រឿងស្រវឹង និងការប្រមូលផ្តុំបង្កើតកម្មវិធីសប្បាយៗ​ទ្រង់ទ្រាយធំ ​រយៈពេល១៤​ថ្ងៃ ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ ឲ្យទទួលជោគជ័យ។

​តាម​ការណែនាំ របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​រដ្ឋបាលខេត្តកោះកុង បានដាក់បទបញ្ជា​តឹងរឹង ដល់ស្នងការនគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថ អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវសហការត្រួតពិនិត្យនៅតាមបណ្តាគោលដៅនានាក្នុងខេត្ត ដើម្បីអនុវត្តន៍ទៅតាមខ្លឹមសារ សេចក្តីជូនដំណឹង ដែលរដ្ឋបាលខេត្ត បានដាក់ចេញនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ​២០២១​។

ស្ថិតក្នុងបរិការណ៍នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០​កុម្ភៈ រដ្ឋបាលខេត្តកោះកុង បានសម្រេចបិទផ្អាកអាជីវកម្មលក់ ភេសជ្ជៈ ប្រភេទគ្រឿងស្រវឹង រយៈពេល១៤​ថ្ងៃ ជាបណ្តោះអាសន្ន ដោយ​គិតចាប់ពីថ្ងៃទី១៥ ​ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកោះកុង បញ្ជាក់ថា ការបិទផ្អាកអាជីវកម្មលក់គ្រឿងស្រវឹង និងការប្រមូលផ្តុំនៅតាមទីសាធារណៈ នាពេលនេះ ក្នុងគោលបំណងធានា និងការពារសុខភាព អាយុជីវិតរបស់ប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់សាធារណៈ ដោយអនុលោមតាមអនុក្រឹតលេខ ៥៧ អនក្រ.បក ចុះថ្ងៃទី៣១ មីនា ២០២១ស្តីពីវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងដោយយោង ប្រកាសអន្តរក្រសួង​លេខ​១០៤៥ ប្រ​ក ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ​២០២១ របស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការពិន័យអន្តរការណ៍ចំពោះបុគ្គល ដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ផ្សេងៗទៀត​។

​រដ្ឋបាលខេត្តកោះកុង បានសម្រេចដាក់ចេញ នូវវិធានការចាំបាច់មួយចំនួនទៀត ដោយតម្រូវឲ្យប្រតិបត្តិករ ដែលជាម្ចាស់អាជីវកម្មផ្នែកភោជនីយដ្ឋាន អាហារដ្ឋាន ត្រូវផ្អាក លក់ ជាបណ្តោះអាសន្ន ចំពោះភេសជ្ជៈ ប្រភេទគ្រឿងស្រវឹង ,ផ្អាកការទទួលអតិថិជនឲ្យចូលមកទទួលទាន គ្រឿងស្រវឹងនៅក្នុងបរិវេណទីតាំងអាជីវកម្មរបស់ខ្លួន ដោយអនុញ្ញាត្តឲ្យលក់ដូរ​ជូនអតិថិជន របស់ខ្លួន ជាលក្ខណៈវេចខ្ចប់តែប៉ុណ្ណោះ។

បន្ថែមលើនេះ រដ្ឋបាលខេត្តកោះកុង ក៏ស្នើឲ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវនៅតាមគេហដ្ឋានរៀងៗខ្លួន ដោយអាចរដ្ឋចេញក្រៅបានតែក្នុងករណី​ចាំបាច់ប៉ុណ្ណោះ និងមិនអនុញ្ញាត្តឲ្យបើកការជួបជុំមានលក្ខណៈប្រមូលផ្តុំ បែបរៀបចំកម្មវិធីកម្សាន្តសប្បាយ ផ្សេងៗតាមគរហដ្ឋាន និងតាមទីសាធារណៈនោះទេ រាប់ទាំងក្លឹបកីឡាហាត់ប្រាណ ក្លឹមកម្សាន្តសប្បាយបៀរហ្កាឌិន ខារ៉ាអូខេ និងកន្លែងម៉ាស្សា ក៏តម្រូវឲ្យធ្វើការត្រូវបិទផ្អាកជាបណ្តោះអាសន្នទាំងអស់ រហូតដល់មានការជូនដំណឹងជាថ្មី។

អាស្រ័យដូចបានជម្រាបជូន ខាងលើនេះ សូមសាធារណៈជន និងប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ចូលរួមអនុវត្តន៍តាមការដាក់ចេញវិធានរដ្ឋបាល របស់សាលាខេត្ត នាឳកាសនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមគ្នា​ទប់ស្កាត់ការឆ្លងរាលដាលពីជំងឺ​​កូវីដ-១៩ ក្នុងសហគមន៍ ឲ្យបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង